(កណ្តាល)៖ ព្រះចៅធិការវត្ត ពាមជំនីក និងពុទ្ធបរិស័ទមួយចំនួន នៅក្នុងភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានស្នើដល់អាជ្ញាធរស្រុក និងខេត្ត ឲ្យជួយរកដំណោះស្រាយរកយុត្តិធម៌ ដោយអះអាងថាមានបុគ្គលមួយរូបចង់យកដីកម្មសិទ្ធិរបស់វត្ត យកទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ហើយប៉ុនប៉ងរារាំងមិនឲ្យវត្តបញ្ចុះសពពលរដ្ឋក្នុងដីវត្តនោះឡើយ។
ពុទ្ធបរិស័ទ និងព្រះចៅអធិការវត្តខាងលើនេះ បានថ្លែងថា ជាច្រើនឆ្នាំកន្លងមកនេះ មានស្រ្តីម្នាក់ដែលមានឈ្មោះ សៀង រ៉េន រស់នៅភូមិក្បែរវត្ត ចង់យកដីគរុភ័ណ្ឌរបស់វត្តទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន ខណៈដីនេះត្រូវបានព្រះចៅអធិការវត្តអនុញ្ញាតឲ្យពុទ្ធបរិស័ទសម្រាប់ធ្វើដំណើរ និងទីបញ្ចុះសពរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ប៉ុន្តែបុគ្គលខាងលើនេះបែរជាចង់ យកដីនោះទៅគ្រប់គ្រង។
ព្រះចៅអធិការ និងពុទ្ធបរិស័ទ បានចោទថា ស្ត្រីខាងលើបានបង្កើតរឿងអាស្រូវដល់ព្រះចៅអធិការ ដោយចោទប្រកាន់ព្រះចៅអធិការថា មានស្រីមានកូនទៅវិញ ដោយសារតែខឹង ព្រះចៅអធិការមិនព្រមធ្វើតាមសំណើរបស់ខ្លួនដោយចង់គ្រប់គ្រងលើដីនោះ។ ក្រោយបង្កើតរឿងអធិករណ៍ដាក់ព្រះសង្ឈ និងពុទ្ធបរិស័ទចំណុះជើងវត្ត ស្រ្តីរូបនេះក៏បានប្តឹងព្រះចៅអធិការ ទៅសាលាដំបូងខេត្តកណ្តាលពីបទបរិហាកេរ្តិ៍ផងដែរ។
ទាក់ទងនឹងករណីនេះ មេឃុំកំពង់ហ្លួង បានថ្លែងថា អ្នកស្រីមិនសូវដឹងស៊ីជម្រៅនោះទេទាក់ទងនឹងដីនេះ ខណៈអ្នកស្រី និងលោកអភិបាលស្រុកពញាឮ ធ្លាប់ចុះមកមើលម្តងហើយ ប៉ុន្តែអ្នកស្រីមិនទាន់ដឹងច្បាស់ថា ដីជារបស់គរុភ័ណ្ឌវត្ត ឬរបស់បុគ្គលដែលបានអះអាងខាងលើនោះទេ ដោយទុកករណីនេះឲ្យថ្នាក់លើដោះស្រាយ។
យ៉ាងណាក៏ដោយព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទ ក៏បានស្នើឲ្យអាជ្ញាធរស្រុក ខេត្ត ជួយរកយុត្តិធម៌ដល់ព្រះអង្គ និងពួកគាត់ បន្ទាប់ពីស្រ្តីឈ្មោះ សៀង រ៉េន បានបង្កើតរឿងចោទប្រកាន់ព្រះចៅអធិការវត្តថា មានរឿងអាស្រូវជាមួយស្រី និងបានលក់របស់គរុភ័ណ្ឌវត្ត ដែលព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទ ចាត់ទុកថា ការចោទប្រកាន់នេះបានធ្វើឲ្យកិត្តិនាមរបស់ព្រះចៅអធិការវត្ត និងខូចដល់តម្លៃព្រះពុទ្ធសាសនា៕