(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បាននិងកំពុងរៀបពិធីបុណ្យផ្កាយ ២០២២ នៅមជ្ឈបណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ក្នុងគោលបំណងណែនាំពីបុណ្យប្រពៃណីជប៉ុន តាណាបាតា ទៅកាន់ប្រជាជនកម្ពុជា និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជាបន្ថែមទៀត។
ក្នុងកម្មពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោក យិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភ្ញៀវកិត្តិយសជាច្រើននាក់។
នាឱកាសនោះដែរ លោក យិកាមិ ម៉ាសាហ៊ីរ៉ូ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ ភ្ញៀវកិត្តិយស និងក្មួយៗទាំងអស់ នៅក្នុងពិធីបើកនៃពិធីបុណ្យផ្កាយ២០២២។ ដោយសារតែកូវីដ១៩រយៈពេល២ឆ្នាំ កន្លងមកនេះ ពិធីបុណ្យផ្កាយ ត្រូវបានប្រារព្ធឡើងទាំងស្រុងជាអនឡាញ។ ដូច្នេះ ថ្ងៃនេះ ខ្ញុំមានក្តីរំភើបរីករាយក្រៃលែង ដែលយើងអាចបាន ជួបគ្នា និងប្រារព្ធពិធីបុណ្យនេះឡើងវិញ ដោយផ្ទាល់បាន។
តាណាបាតា ឬពិធីបុណ្យផ្កាយ គឺជាបុណ្យប្រពៃណីជប៉ុនមួយដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៧ ខែកក្កដា។ តាមតំណាលរឿង គូស្នេហ៍មួយគូ ត្រូវបានបំបែកដោយទន្លេអាម៉ាណុហ្គាវ៉ា ហើយអាចជួបគ្នាបាន តែម្ដងគត់ក្នុងមួយឆ្នាំគឺនៅថ្ងៃទី៧ ខែកក្កដា។ នៅថ្ងៃតាណាបាតា ប្រជាជនជប៉ុននាំគ្នាសរសេរបំណងប្រាថ្នារបស់ ខ្លួននៅលើចម្រៀកក្រដាសពណ៌ចម្រុះ ហើយចងព្យួរទៅនឹងដើមឬស្សីដែលមានការតុបតែយ៉ាងស្រស់ស្អាត។
ជាមួយគ្នានេះដែរ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា បានបន្ដថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តី សោមនស្សរីករាយ ដែលបានថ្លែងសារទៅកាន់ប្រជាជនជប៉ុនក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ក្នុងព្រឹត្តិការណ៍ ពិធីបុណ្យផ្កាយ «TANABATA 2022»។ នេះបានរៀបចំឡើងក្នុងគោលដៅលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា និងជប៉ុន ពិសេស ព្រឹត្តិការណ៍ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌នាអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹង ជម្ងឺកូវីដ-១៩។ អស់រយៈពេល២ឆ្នាំដែលព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងតាមរយៈអនឡាញ ដែលជាហេតុ មិនអាចពាំនាំមកនូវអត្ថន័យរបស់ព្រឹត្តិការណ៍បានពេញលេញ។
សកម្មភាពនៃការសរសេរពីបំណង ប្រាថ្នាទៅដាក់ព្យួរនឹងដើមឫស្សី ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មួយថ្មីទៀត សម្រាប់ការបួងសួងសុំ ឱ្យពិភពលោកទាំងមូលចៀសផុតពីជម្ងឺកូវីដ-១៩។ ការបួងសួងរបស់យើងទាំងអស់គ្នា ពិតជាបាន ទទួលនូវលទ្ធផលជាទីគាប់ចិត្ត ពីព្រោះថ្ងៃនេះ យើងទាំងអស់គ្នាអាចចូលរួមព្រឹត្តិការណ៍ពិធីបុណ្យ ផ្កាយបានដោយផ្ទាល់ ដែលជាទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រារព្ធពិធីបុណ្យផ្កាយ Tanabata ដែលស្ថានទូតជប៉ុន និងមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានសហការប្រារព្ធពិធីបុណ្យនេះឡើងនៅកម្ពុជា ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ ២០០៤ មកម្លេះ ដែលជាផ្នែកមួយក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសយើងទាំងពីរ និងជាឱកាស សម្រាប់ឱ្យយុវជន បានស្វែងយល់អំពីការប្រមូលផ្តុំ និងការចែករំលែកនូវវប្បធម៌ចម្រុះ រវាងប្រទេស ជប៉ុន និងកម្ពុជាផងដែរ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏មានសង្ឃឹមយ៉ាងមុតមាំថា អ្នកចូលរួម យុវជន និងទស្សនិកជនទាំងអស់ នឹងបានស្វែងយល់ និងរៀនសូត្រអំពី វប្បធម៌ចម្រុះ ការអប់រំ និងសកម្មភាពនានា ថ្មីៗបន្ថែមទៀត ស្របតាមកម្មវិធី របស់ពិធីបុណ្យផ្កាយនៅឆ្នាំ ២០២២ នេះ ដោយក្តីរីករាយ៕