(តាកែវ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យការប្រតិបត្តិសាសនានានៅកម្ពុជា មានដំណើរការទៅប្រកបដោយភាពសុខដុមរមនា ពុំមានការឈ្លោះទាស់ទែង ការរើសអើង និងភាពជ្រុលនិយមណាមួយឡើង ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ធានាបាននូវ សន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ការលើកឡើងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តដុងឧត្តម ស្ថិតនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ។
នាឱកាសនោះដែរ លោកបណ្ឌិតបានសូមអបអរសាទរសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ចំណុះ ជើងវត្តដុង្គឧត្តមទទួលបាន សម្រាប់ជាទីសក្ការៈតម្កល់ទុកក្នុង និងជាប្រយោជន៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ ទីអារាមដែលមានអាយុកាលជាង ២០០ឆ្នាំនេះ បានឆ្លងកាត់នូវដំណាក់កាលនៃសង្គ្រាមបំផ្លិចបំផ្លាញជាច្រើន ហើយទើបតែជាង ៤០ឆ្នាំ ចុងក្រោយនេះ ដែលមានឱកាសកសាងនូវសមិទ្ធផលនានា ដែលពុំធ្លាប់មានពីមុនមក ដោយសារកត្តាស្ថិរភាពសង្គម និងម្លប់នៃសន្តិភាពដែលគ្រប់ដណ្តប់ពាសពេញផ្ទៃប្រទេស។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គោលការណ៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាលើកតម្កើងមោទនភាពជាតិខ្មែរ តាមរយៈការជួយកសាងពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពអាចចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាក៏នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្ត នៅទូទាំង សាកលលោក ដើម្បីស្វែងរកឱកាសបន្ថែមទៀតក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងការទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ៕