(ភ្នំពេញ)៖ យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងទេសចរណ៍បានចេញសារាចរណែនាំស្តីពីការចូលរួមកាន់ទុក្ខចំពោះមរណភាពលោក អាបេ ស៊ីនហ្សូ (SHINZO ABE) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
គួរជម្រាបថា លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
កន្លងមក លោកបានបំពេញភារកិច្ច និងបេសកកម្មដ៏មានសារៈសំខាន់សម្រាប់ការកសាងមិត្តភាពជាមួយនឹងប្រជាជនកម្ពុជា និងលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យទៅជាដៃគូរយុទ្ធសាស្រ្តក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យជាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងកម្មវិធីអភិវឌ្ឍផ្សេងៗទៀត។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដែលបានប្រកាសយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ក្រសួងទេសចរណ៍បានណែនាំ ដូចខាងក្រោម៖
១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិននៅទូទាំង រាជធានីខេត្តត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
២. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
៣. ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់៕