(ត្បូងឃ្មុំ)៖ ប្រតិភូក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រនៃផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល ចំនួន៦៦នាក់ ដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បាននាំអំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីទីកន្លែងនៃការចាប់ផ្តើមចេញដំណើរតស៊ូឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំដោះប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ដំណើរទស្សនកិច្ចរបស់ប្រតិភូស្រាវជ្រាវប្រវត្តិសាស្ត្រ នៃផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយលោក លោក ចាយ បូរិន នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ ទទួលស្វាគមន៍ដោយលោកឧត្តមសេនីយ៍ត្រីយ៍ អេង ហ៉ី នាយស្នងការទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញដោយពន្យល់យ៉ាងក្បោះក្បាយ អំពីស្នាដៃ គុណូបការៈ និងការធ្វើពលីកម្មទាំងកាយ និងបញ្ញារបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធ ក្នុងការចាប់ផ្តើមនូវដំណើរការតស៊ូពីគ្រាដំបូងបំផុត។
ក្រោយពីបានស្តាប់បទបង្ហាញ និងទស្សនានៅតាមទីតាំងប្រវត្តិសាស្ត្រនីមួយៗរួចមក ក្រុមប្រតិភូបានទទួលនូវការយល់ដឹងយ៉ាងច្បាស់ថា នៅទីតាំងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនកោះថ្ម ឃុំទន្លូង ស្រុកមេមត់ នេះគឺជាអតីតបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ដែលសម្តេចតេជោ ហ៊ុន សែន គ្រប់គ្រងកាលពី៤៥ឆ្នាំមុន។ ហើយ ក្នុងកាលៈទេសៈដែលប្រទេសជាតិធ្លាក់ចូលជ្រៅទៅក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ពោរពេញដោយក្តីវេទនាឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ មានតែឈាមនិងទឹកភ្នែកនោះ ប្រជាជនកម្ពុជាទូទាំងប្រទេស ទន្ទឹងរង់ចាំនូវចលនាដឹកនាំដ៏ខ្លាំងក្លាមួយជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។
ពេលនោះសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤រូបទៀត គឺសមមិត្ត នុច ថន សមមិត្ត ញឹក ហួន សមមិត្ត ស៊ូ គឹមស្រៀង ហៅ សាញ់ និងសមមិត្ត វ៉ា ប៉ោអៀន បានចាប់ផ្តើមចេញដំណើរពីទីតាំងភូមិកោះថ្មនេះ នៅវេលាម៉ោង ២១:០០យប់ រាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែ អាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស.២៥២១ ធ្វើដំណើរភៀសខ្លួនទៅវៀតណាមដើម្បីស្វែងរកការគាំទ្រជំនួយឧបត្ថម្ភសម្រាប់កសាងកម្លាំងប្រដាប់អាវុធធ្វើការសង្គ្រោះជាតិ។
ការចាកចេញនាពេលនោះ គឺជាការចាកចេញដោយការឈឺចាប់បំផុត ជាមួយទឹកភ្នែករាប់លានដំណក់ ព្រោះជាការចាកចោលទឹកដីកំណើត ចោលភរិយាដែលកំពុងមានផ្ទៃពោះ៥ខែ សមមិត្ត ហ៊ុន សែន ពិតជាមានការលំបាកក្នុងចិត្តយ៉ាងធ្ងន់ធ្ងរ ហើយម្យ៉ាងគិតដល់ផលលំបាកដែលអាចកើតមានចំពោះភរិយាដែលកំពុងស្ថិតក្នុងក្រញាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ប៉ុលពតនៅឡើយ។
ផ្តើមចេញពីដំណើរភៀសខ្លួនជ្រែកស្បៃរាត្រី ប្រថុយនឹងគ្រោះថ្នាក់ បូជាសាច់ស្រស់ឈាមស្រស់ និងយកអាយុជីវិត ធ្វើជាដើមទន់ ដើម្បីប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្កើតកម្លាំងកងទ័ពដោយផ្ទាល់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ហើយឈានដល់ការកសាងកម្លាំងចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងដឹកនាំកម្លាំងចលនាតស៊ូសហការជាមួយកម្លាំងតស៊ូផ្សេងទៀត វាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រំដោះបានមកវិញនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសិទ្ធិសេរីភាពក្នុងការរស់រៀន។
លោកឧត្តមសេនីយ៍ត្រីយ៍ អេង ហ៉ី ក៏បានបញ្ជាក់ផងដែរថា ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះឈ្នះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍ដ៏សែនជូរចត់មួយនេះ។
ប្រធានប្រតិភូ រួមជាមួយសមាជិកសមាជិកាទាំងអស់ បានគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះដំណើរភៀសខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធ គឺជាគុណធម៌ប្រវត្តិសាស្ត្រ និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយបានចារជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូប គ្រប់ៗជំនាន់ ហើយតំបន់ «តេជោកោះថ្ម X16» និងក្លាយទៅជាជាតំបន់ទេសចរណ៍-វប្បធម៌សេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងមិត្តភាពរវាងប្រទេសជាតិ និងប្រជាជនជិតខាងកម្ពុជា-វៀតណាម សំដៅកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕