(ភ្នំពេញ)៖ ប្រទេសកម្ពុជាត្រូវការឈាមប្រហែល ១០ម៉ឺនប្លោកឯណោះក្នុងមួយឆ្នាំៗ បើគិតតាំងពីឆ្នាំ២០២១មក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ នេះបើតាមលោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុប្រធានការិយាល័យបច្ចេកទេសរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងនៅក្នុងកម្មវិធី «ចែករំលែកក្តីស្រលាញ់ដើម្បីសង្គ្រោះជីវិត» ដែលរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life លោកវេជ្ជបណ្ឌិត ខៃ សុខហេង បានលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាទៅបរិច្ចាគឈាម ព្រោះថាការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង, ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង, បន្ថយការឡើងទម្ងន់, ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងធ្វើឱ្យមានភាពសប្បាយរីករាយផងដែរ។
លោកវេជ្ជបណ្ឌិត ខៃ សុខហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាមន្ត្រីរាជការ ដែលធ្វើការនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម តែងតែចុះទទួលអំណោយឈាម ពីសប្បុរសជន បងប្អូន ឬក៏និស្សិតទាំងអស់ នៅតាមសាកលវិទ្យាល័យនានា ហើយខ្ញុំក៏សូមអំពាវនាវឲ្យមានការចូលរួមពីមន្ត្រីរាជការ សិស្សនិស្សិត ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងដល់ ៦០ឆ្នាំ និងមានទម្ងន់ចាប់ពី ៤៥គីឡូក្រាមឡើងទៅ គឺការចូលរួមធ្វើអំណោយឈាមនេះ ពិតជាមិនប៉ះពាល់ដល់សុខភាព សតិបញ្ហា ធ្វើឲ្យអស់លោកមិនអាចធ្វើកិច្ចការបាន ដោយសារមានបញ្ហាធ្វើអំណោយឈាមនោះទេ។ ការធ្វើអំណោយឈាមនេះ គឺជាកាតព្វកិច្ចរបស់មនុស្សដែលមានសុខភាពល្អ ដែលត្រូវចែករំលែកនូវជីវិតដ៏ល្អមួយ ទៅដល់អ្នករងគ្រោះដែលត្រូវការឈាមជាចាំបាច់ ហើយការធ្វើអំណោយឈាម គឺយើងធ្វើនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ជារៀងរាល់ថ្ងៃ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ស្វាគមន៍ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់អស់លោកលោកស្រី»។
លោកវេជ្ជបណ្ឌិត ខៃ សុខហេង បានថ្លែងអំណរគុណដល់ GC Life ដែលបានរៀបចំកម្មវិធីបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលបរិច្ចាគឈាម។ លោកបានចាត់ទុកថា នេះជាគុណប្រយោជន៍មួយ ដ៏មានសារៈសំខាន់ ដែលបានចែករំលែកនូវជីវិតដ៏ស្រស់បំព្រង ដល់អ្នករងគ្រោះដែលត្រូវការឈាម។ លោកបន្តថា កាយវិការមនុស្សធម៌ដ៏ល្អប្រពៃនេះ ធ្វើឲ្យអ្នកជំងឺដែលត្រូវការឈាមមិនអាចបំភ្លេចបាននូវការចងចាំគំរូវីរភាពរបស់ GC Life នោះឡើយ។
លោក Michael Tee នាយកប្រតិបត្តិ GC Life បានថ្លែងថា ដោយមើលឃើញពីតម្រូវការឈាម ដូចដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាមបង្ហាញនោះ ធ្វើឲ្យ GC Life រៀបចំកម្មវិធីបរិច្ចាគឈាមមួយនេះឡើង។ សម្រាប់លោកនាយកប្រតិបត្តិ ការបរិច្ចាគឈាមផ្តល់ប្រយោជន ២យ៉ាង គឺជួយឲ្យយើងដឹងពីស្ថានភាពសុខភាពខ្លួនឯង និងជួយដល់សង្គមជាតិទាំងមូល។
លោកបន្តថា កម្មវិធីបរិច្ចាគឈាមថ្ងៃនេះដែរ គឺជារឿងចាំបាច់មួយ ដែលត្រូវការការគាំទ្រ និងការដោះស្រាយបញ្ហាកង្វះឈាមជាបន្ទាន់ ក៏ដូចជាដើម្បីបង្កើនការយល់ដឹងជាសាធារណៈ ដើម្បីសង្គមជាតិ ហើយលោកនឹងបន្តបង្កើតកម្មវិធីដើម្បីសង្គមនេះថែមទៀត។ លោកជំរុញថា កោសិកាឈាមក្រហម តែងតែកើតឡើងជាប្រចាំដោយស្វ័យប្រវត្តិ ក្នុងរយៈពេល ១២០ថ្ងៃម្តង ដូចនេះយើងគួរបរិច្ចាគឈាម ប្រសើរជាងទុកឈាមចោល។
លោក Michael Tee បានបញ្ជាក់ថា «សម្រាប់យុទ្ធនាការបន្តរបស់ពួកយើងនោះ គឺយើងនឹងធ្វើវាជាសកម្មភាពទៀត ព្រោះវាជាផ្នែកមួយនៃការងារសង្គមរបស់យើង ដោយផ្អែកលើចក្ខុវិស័យរបស់ក្រុមហ៊ុនយើងស្រាប់ទៅហើយ ដើម្បីក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងការលើកទឹកចិត្ត និងធ្វើឲ្យជីវិតប្រជាជន របស់យើងកាន់តែប្រសើរឡើង។ ដោយឡែក ទាក់ទងនឹងការងារសប្បុរសធម៌ និងការងារសង្គមទាំងអស់នេះ គឺយើងតែងតែបង្ហាញអំពីការទទួលខុសត្រូវសម្រាប់សង្គមរបស់យើង ក្នុងការឆ្លើយតបទៅកាន់ការងាររបស់យើង ទៅលើការផ្តល់ជូនសង្គមរបស់យើងផងដែរ»។
សូមជម្រាបថា តាំងពីចាប់ផ្តើមអាជីវកម្មកន្លងមក GC Life បានធ្វើសកម្មភាពជាច្រើន ដូចជា ការផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងផ្តល់ជំនួយបរិច្ចាគសម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ជាដើម៕