(ត្បូងឃ្មុំ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលប្រជាពលរដ្ឋ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយមានការចូលរួមជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបាគង យុវជន ស.ស.យ.ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោកបណ្ឌិត ជាមច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានឱ្យក្រុមការងារគ្រូពេទ្យចុះពិនិត្យព្យាបាលជូនដល់ប្រជាពលរដ្ឋដោយគិតថ្លៃ នៅក្នុងស្រុកមេមត់ នៅថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA ដែលចុះព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងស្រុកមេមត់សរុបចំនួន ២,៦១១ករណី និងមានករណីធ្ងន់ធ្ងរចំនួន៤៩ ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។