(ភ្នំពេញ)៖ ពិធីបុណ្យហាជ គឺជាសក្ការៈបូជាមួយនៅក្នុងចំណោមសក្ការៈបូជាទំាង៥ នៃសាសានាឥស្លាមទៅចំពោះអល់ឡោះជាម្ចាស់ ដែលទ្រង់បានបង្គាប់បញ្ជា មកលើជនមូស្លីមគ្រប់រូប។ សក្ការៈបូជាទំាង៥ នៃសាសនាឥស្លាម រួមមានការទទួលស្គាល់អល់ឡោះជាម្ចាស់ និងមហំាម៉ាត់ ជាអ្នកនំាសាររបស់ព្រះ (Shahadah), ការថ្វាយបង្គំមួយថ្ងៃមួយយប់ប្រំាដង (Salat), ការផ្ដល់វិភាគទាន (Zakat) ការតមអាហារក្នុងខែរ៉ាម៉ាដន (Sawm) និងពិធីបុណ្យហាជ ឬហាជីនេះតែម្ដង។

ពិធីបុណ្យហាជ (Hajj) ត្រូវប្រារព្ធនៅឯទីសក្ការៈបូជា ក្នុងទីក្រុងម៉េកកា (Mecca) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជារៀងរាល់ឆ្នាំ។ អ្នកកាន់សាសនាឥស្លាម នៅកម្ពុជា នឹងអបអរពិធីបុណ្យនេះនៅថ្ងៃទី១០ ខែកក្កដានេះ។ ពិធីបុណ្យហាជ ជាកាតព្វកិច្ចចំពោះជនមូស្លីមដែល មានទ្រព្យសម្បត្តិ សមត្ថភាព និងលទ្ធភាព ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា គេក៏ត្រូវគិតផងដែរពីជីវភាពគ្រួសាររបស់ខ្លួន។ ជាឧទាហរណ៍ បើសិនជាយើងខ្វះខាតលុយកាក់ ឬមានត្រឹមតែលទ្ធភាព សម្រាប់ធ្វើដំណើរនោះ កាតព្វកិច្ចមួយនេះមិនត្រូវតម្រូវឱ្យធ្វើនោះទេ ឬត្រូវរង់ចំានៅពេលក្រោយដែលយើងមានលទ្ធភាព។

ដោយឡែក បើនិយាយអំពីប្រវត្តិពិធីបុណ្យហាជ មានតំាងតែពីសម័យអ្នកនំាសាររបស់ព្រះជាម្ចាស់ឈ្មោះ អាដំា មកម្ល៉េះរហូតដល់ មហំាម៉ាត់ ដែលជាអ្នកនំាសារចុងក្រោយ ហើយគោល បំណងនៃពិធីបុណ្យនេះគឺបង្ហាញពីជំនឿទៅចំពោះអល់ឡោះ ក៏ដូចជាភាពជាបងប្អូន មិនរើសអើង របស់ជនមូស្លីមក្នុងពិភពលោក ដែលមានវប្បធម៌ ភាសា ពណ៌សម្បុរខុសៗគ្នាមកជួបជុំគ្នា តាមការបង្គាប់បញ្ជាពីអល់ឡោះជាម្ចាស់។

គួរបញ្ជាក់ថា ថ្វីបើពិធីបុណ្យហាជ គឺជាកាតព្វកិច្ចសម្រាប់បុគ្គលជាអ្នកកាន់សាសនាឥស្លាមគ្រប់ៗរូប ប៉ុន្តែវាក៏មានករណីលើកលែងផងដែរសម្រាប់អ្នកស្លាប់ និងចាស់ជរា ឬក៏ពិការ មានជំងឺរុំារ៉ៃ អាចឱ្យអ្នកដទៃធ្វើជំនួសខ្លួនបាន។ មួយវិញទៀត បុណ្យនេះជាប់កាតព្វកិច្ចលើបុគ្គលជនម្នាក់ៗ ពោលគឺមិនមែនមានន័យថា នៅពេលសមាជិកគ្រួសារណាម្នាក់ទៅធ្វើបុណ្យហាជ ហើយសមាជិកដទៃក្នុងគ្រួសារនោះរួចខ្លួននោះទេ៕