(សៀមរាប)៖ លោកតាបណ្ឌិត កុល ផេង ស្ថាបនិក និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានផ្តាំផ្ញើដល់និស្សិតទើបបញ្ចប់ការសិក្សាទាំងអស់ ត្រូវយកចំណេះដឹងដែលសាលាក៏ដូចជាលោកគ្រូអ្នកគ្រូផ្តល់ឱ្យ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍សម្រាប់សង្គមជាតិ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជាលើកដំបូងដល់និស្សិត៣៤៤នាក់ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ លោកតាបណ្ឌិត កុល ផេង បានបន្តដាស់តឿនដល់និស្សិតទាំងអស់ ក្រោយទទួលសញ្ញាបត្រហើយ ត្រូវយកចំណេះទាំងអម្បាលមាណទៅប្រើប្រាស់ឱ្យមានប្រយោជន៍ តាមឆន្ទះ និងស្មារតីរបស់ខ្លួន។
លោកតាបណ្ឌិតមានប្រសាសន៍ថា៖ «និស្សិតជ័យលាភីទាំងអស់ ដែលបានប្រឹងប្រែងហាត់ពត់លត់ដំខ្លួន និងយកចំណេះដឹងទាំងអម្បាលមាណចូលរួមបម្រើការងារតាមបណ្តាអង្គភាពស្ថាប័ននានាឱ្យស្របតាមចំណេះជំនាញសមត្ថភាពរបស់ខ្លួន ហើយត្រូវចេះកោតក្រែងគោរពឱនលំទោនជាមួយអ្នកមានគុណ ចាស់ព្រឹទ្ឋាចារ្យ ត្រូវចេះ គោរពដឹងគុណចំពោះព្រះពុទ្ធសាសនា គោរពព្រះមហាក្សត្រ និងគោរពដឹងគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសជាតិឱ្យមានសន្តិភាពនិងភាពរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសការដឹងគុណចំពោះលោកគ្រូអ្នកគ្រូដែលខិតខំផ្ទេរចំណេះវិជ្ជាទៅដល់និស្សិតទាំងនោះ»។
អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា សញ្ញាបត្រដែលទទួលបាននៅពេលនេះបញ្ជាក់ពីលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់និស្សិតដែលយកចិត្តទុកដាក់ក្នុងការសិក្សា ដែលមានគុណភាពសម្រាប់យកទៅបម្រើការងារនៅតាមស្ថាប័នទាំងរដ្ឋនិងឯកជន។ លោកបានបន្ដថា ការសិក្សាដែលទទួលបានសញ្ញាបត្រនេះ គឺជាការខិតខំប្រឹងប្រែងពីអាណាព្យាបាល ហើយក្រុមនិស្សិតត្រូវតបស្នងសងគុណដល់ឱពុកម្ដាយនៅពេលទទួលបានការងារធ្វើខ្ពង់ខ្ពស់ ក្រោយពីទទួលបានសញ្ញាបត្រពេញលេញហើយនោះ។
លោក អ៊ឹង គឹមលាង បានចាត់ទុកការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យថាជាទុនសម្រាប់និស្សិតទាំងអស់ បន្តទៅរៀបចំផែនការនៃការគ្រប់គ្រងនិងតម្រង់ទិសសម្រាប់គោលដៅជីវិតរៀងៗខ្លួនឱ្យមានគោលដៅច្បាស់លាស់ តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រទៅតាមឆន្ទៈ និងសមត្ថភាពរបស់ខ្លួន ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន បម្រើគ្រួសារ និងឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ។
លោក ឈួន សំឡី នាយកសាខាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា សាកលវិទ្យាលបញ្ញាសាស្ដ្រខេត្ដសៀមរាប មានបុគ្គលិកនិងសាស្ត្រាចារ្យសរុបចំនួន៨២នាក់ និងមាននិស្សិតសិក្សាក្នុងដំណាក់កាលជំងឺកូវីដ-១៩ ចំនួន១,៤៩៦នាក់ ក្នុងនោះកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤៧នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន៤៩៩នាក់និងកំពុងរៀនត្រៀមថ្នាក់ភាសាអង់គ្លេសចំនួន៩៥០នាក់។
ហើយនិស្សិតដែលទទួលសញ្ញាបត្រចំនួន៣៤៤នាក់ ក្នុងនោះមានសាមណនិស្សិត ២អង្គ និងនារីចំនួន ២០៦នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា ២០២១-២០២២ ដែលមានសញ្ញាបត្រជ័យលាភី កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង៕