(សៀមរាប)៖ ជំងឺកូវីដ-១៩ បានផ្លាស់ប្តូរលោក ផល ភារម្យ ពីមគ្គុទ្ទេសក៍ទេសចរណ៍ មកជាម្ចាស់សិប្បកម្មភូមិចន្ទី នៅភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាព Fresh News លោក ផល ភារម្យ ម្ចាស់សិប្បកម្មភូមិចន្ទី បានឲ្យដឹងថា ដើមឡើយលោកជាមគ្គុទ្ទេសក៍ទេសចរណ៍តែងតែនាំភ្ញៀវទេសចរទៅទស្សនាប្រាសាទបន្ទាយស្រី ហើយជារឿយៗតែងតែនាំភ្ញៀវទេសចរទៅមើល ការធ្វើស្ករត្នោតរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវទៅប្រាសាទបន្ទាយស្រី ហើយលោកតែងតែគិតថា បើអាចកែច្នៃរបស់ផ្សេងក្រៅពីស្ករត្នោតបាន កាន់តែមានការទាក់ទាញភ្ញៀវទេសចរ និងអាចរកចំណូលដល់ប្រជាកសិករមួយកម្រិតទៀត។ ដោយគាប់ជួនថ្ងៃមួយមានភ្ញៀវទេសចរមួយក្រុម បានឲ្យជូនទៅមើលចំការស្វាយចន្ទី លោកបានជ្រើសយក ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និងកំពង់ចាម ដែលពួកគេចាប់អារម្មណ៍ខ្លាំងចំពោះដំណាំចន្ទីនេះ។

ក្រោយមក លោក ភារម្យ គិតថា ហេតុអ្វីបានជាជនបរទេសមកចង់ធ្វើសិប្បកម្មស្វាយចន្ទីនៅស្រុកខ្មែរ ចុះលោកជាខ្មែរហេតុអ្វីមិនមានគំនិតចង់ធ្វើ។ លោកបន្តថា ជាឱកាសរបស់លោកបានទៅចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសថៃ ហើយឃើញនៅប្រទេសថៃគេមានវេចខ្ចប់ អ៊ុត និងផ្សេងៗដែលទាក់ទងនឹងស្វាយចន្ទី។ ម្យ៉ាងវិញទៀតលោកក៏ចង់ផ្លាស់ប្តូរការងារផង ដោយការងារមគ្គទ្ទេសក៍ទេសចរណ៍នឿយហត់ ប្រសិនបើថ្ងៃក្រោយមានអ្វីមួយកើតឡើង មិនអាចធ្វើការបានដូចមុនទេ។

លុះដល់ឆ្នាំ២០១៩ ទេសចរចាប់ផ្តើមធ្លាក់បន្តិច មកដល់ឆ្នាំ២០២០ជំងឺកូវីដ-១៩ ក៏បានចាប់ផ្តើមផ្ទុះខ្លាំង ធ្វើអ្វីក៏មិនបាន បាត់បង់ការងារ បាត់បង់ចំណូល ចេញពីផ្ទះក៏ចេញមិនរួច។ លោកក៏បានសម្រេចចិត្តថា ប្រសិនបើធ្វើអ្វីនៅផ្ទះបានលោកនឹងធ្វើ បន្ទាប់មកលោកបានមើលតាមផេកលក់ផលិតផលកែច្នៃស្វាយចន្ទីនៅបរទេស បានឃើញម៉ាស៊ីនបកស្វាយចន្ទី ហើយលោកបានកុម្ម៉ង់ម៉ាស៊ីនម្ដងមួយៗ។

លោកបន្ថែមទៀតថា មុនដំបូងអាជីវកម្មលក្ខណៈគ្រួសារនេះ លោកធ្វើនៅខេត្តកំពង់ធំ ព្រោះភរិយាលោកជាអ្នកខាងនោះ និងបានទៅស្នាក់អាស្រ័យមួយរយៈនៅទីនោះផង។ តែដោយសារជំងឺកូវីដ-១៩ មានការបិទខ្ទប់ ធ្វើឱ្យអាជីវកម្មនេះមិនទាន់ដំណើរការទេ។ ក្រោយមក លោក ភារម្យ បានចូលរួមក្នុងកម្មវិធីច្រើន តាមរយៈក្រសួងសេដ្ឋកិច្ច ដែលបានឧបត្ថម្ភទៅសហគ្រិនខ្មែរ អង្គការហាវេស២ និងGIZ ដែលបានបង្ហាត់បង្រៀនពីរបៀបធ្វើទីផ្សារ ហើយលោកក៏សម្រេចមកសៀមរាបវិញ និងរកទីតាំងសមរម្យដើម្បីបើកសិប្បកម្មចន្ទី។

ម្ចាស់សិប្បកម្មភូមិចន្ទី បានជ្រើសរើសស្រុកបន្ទាយស្រី បានចាប់ផ្តើមរកទីតាំងណាមួយឲ្យបានសមស្របអាជីវកម្មនេះ នឹងបានជ្រើសយកស្រុកបន្ទាយស្រី ជាទីតាំងដែលល្អសម្រាប់ធ្វើសិប្បកម្មស្វាយចន្ទី ព្រោះមានភ្ញៀវទេសចរទៅវិញទៅមក បន្ទាប់ពីគាត់ទស្សនាប្រាសាទរួច អាចសល់ពេលអាចឈាងចូលភូមិចន្ទី។

ជាមួយនេះដែរ នៅថ្ងៃអនាគតលោក ភារម្យ នឹងរៀបចំជាហាងលក់កាហ្វេ និងភេសជ្ជៈ អាចអាចឲ្យភ្ញៀវទេសចរអង្គុយសម្រាកនិងផឹកភេសជ្ជៈ ហើយក៏អាចទស្សនានៅការធ្វើសិប្បកម្មភូមិចន្ទីបានផងដែរ។ លោកចង់ធ្វើឱ្យសិប្បកម្មចន្ទី ក្លាយជាអត្តសញ្ញាណមួយថ្មីបន្ថែមទៀតប្រចាំស្រុកបន្ទាយស្រី៕