(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២២នេះ លោក ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញទទួលជួបស្វាគមន៍ គណៈប្រតិភូអង្គការអន្តរជាតិ Hasane នៅការិយាល័យកណ្តាលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រាជធានីភ្នំពេញ។
នៅក្នុងពិធីសំណេះសំណាល លោក សុីណាន យុីហ្គិត (SINAN YIGIT) តំណាងគណៈប្រតិភូនៃអង្គការអន្តរជាតិ Hasane បានសម្ដែងនូវការសប្បាយចិត្ត ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។ ជាមួយគ្នានោះ លោក ក៏បានថ្លែងអំណគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា។
ក្នុងឱកាសនៃការសំណេះសំណាលខាងលើ លោក ស្មាន ម៉ាណាន បានថ្លែងអំណរគុណដល់ អង្គការអន្តរជាតិ Hasane ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយ មនុស្សធម៌ ជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។ លោកបានបន្ដថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិ រួចផុតពីសម័យសង្គ្រាម និងធ្វើឲ្យកម្ពុជាមានការរីកចម្រើន មានសុខសុន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោក ស្មាន ម៉ាណាន ក៏បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ក្លាយជាថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជាស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។
រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ឲ្យស្រ្តីឥស្លាមអាចទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ។សិស្ស-និស្សិតឥស្លាម អាចស្លៀកពាក់ប្រពៃណី និងទទូរក្រមានៅក្នុងពេលរៀន ទាំងនៅគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ ១៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា និង១៨០នាក់ជាមន្រ្តីជាប់កិច្ចសន្យា។
ជាចុងក្រោយ លោកសង្ឃឹមុតមាំថា អង្គការអន្តរជាតិ Hasane និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍កម្ពុជាបន្តទៀត។
សូមជម្រាបថា អង្គការអន្តរជាតិ Hasane ជាអង្គការមួយដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការផ្ដល់ជំនួយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជាកន្លងមក។ ដោយឡែកក្នុងឱកាស ពិធីបុណ្យ (រ៉ូយ៉ា ហាជ្ជី) ឆ្នាំ២០២២នេះ អង្គការបានផ្តល់គោគួរបាន ចំនួន១៧០ក្បាល ដល់បងប្អូនប្រជាពលរដ្ឋឥស្លាមមកពីខេត្តចំនួន៣ មានកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលសរុបជាថវិកាសរុប ៩០,១០០ដុល្លារ៕