(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានយកពេលស្មឹងស្មាធរយៈពេល១នាទី មុនចាប់ផ្ដើមសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជាការគោរពវិញ្ញាណក្ខន្ធរបស់លោក អាបេ ផងដែរ ដែលជាមិត្តភក្ដិដ៏ល្អមួយរបស់របស់កម្ពុជា។
បន្ថែមពីនេះ ការស្មឹងស្មាធដើម្បីគោរពវិញ្ញាណក្ខន្ធនេះ លោក ហ៊ុន ម៉ានី បានបង្ហាញអំពីការចងចាំនូវការចូលរួមដ៏ធំធេងរបស់លោក ស៉ីនហ្សូ អាបេ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា-ជប៉ុន ផងដែរ។
តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខផ្លូវការជូនចំពោះវិញ្ញាណក្ខន្ធសព ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែកក្កដាកន្លងទៅ។ ឆ្លៀតឱកាសក្នុងពិធីបើកសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកនេះ យើងបានធ្វើការស្មឹងស្មាធរយៈពេល១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ដែលជាមិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា។
យើងនឹងចងចាំនូវការចូលរួមដ៏ធំធេងរបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ។ សូមវិញ្ញាណក្ខន្ធឯកឧត្តមបានទៅកាន់ទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចយកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២នេះ កាន់ទុក្ខនៅទូទាំងប្រទេសចំនួនមួយថ្ងៃ ដើម្បីសម្តែងនូវមរណទុក្ខជាមួយប្រជាពលរដ្ឋជប៉ុនចំពោះមរណភាពរបស់លោក ស៉ីនហ្សូ អាបេ។
គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី០៩ ខែកក្កដា ម្សិលមិញ ក៏បានណែនាំទៅដល់ក្រសួង ស្ថាប័នរបស់រដ្ឋ និងសាលារៀន ត្រូវបង្ហូតទង់ជាតិនៅពាក់កណ្តាលដង ដើម្បីចូលរួមកាន់មរណទុក្ខចំពោះការទទួលមរណភាពរបស់ លោក អាបេ។
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ គេបានសង្កេតឃើញថា នៅតាមក្រសួង ស្ថាប័ន និងសាលារៀននានា បានបង្ហូតទង់ជាតិចុះនៅពាក់កណ្តាលដង ដែលជាការបង្ហាញនូវការចូលរួមសោកស្តាយ និងអាឡោះអាល័យជាទីបំផុតជាមួយប្រជាពលរដ្ឋជប៉ុន ចំពោះការបាត់បង់នូវឥស្សរជននយោបាយដ៏ល្បាញល្បី និងខ្លាំងពូកែមួយរូប៕