(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត បានស្នើឱ្យក្មួយៗជាយុវជនកាកបាទក្រហមត្រូវធ្វើជាគំរូល្អ ដោយទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន ការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍។
ការស្នើបែបនេះ របស់លោកអភិបាលខេត្តព្រៃវែង បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងអបអរសាទរបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមកពីវិទ្យាល័យរស្មីសាមគ្គី វិទ្យាល័យព្រែកក្របៅ និងវិទ្យាល័យឈើទាល ក្នុងស្រុកពាមជរ៍ មានចំនួនសរុប ១៥៧នាក់ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខសេចក្តីនឹករលឹកពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗ ព្រមទាំងកោតសរសើរដល់ក្រុមការងារមន្ត្រីសាខា អនុសាខាស្រុក ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា ដែលបានសម្របសម្រួលការជួបជុំបំពាក់ឯកសណ្ឋាននាពេលនេះ។
លោកបានបន្តថា ក្មួយៗត្រូវធ្វើជាគំរូល្អ តាមរយៈការបង្ហាញពីសកម្មភាពមនុស្សធម៌ និងគុណធម៌ ជាមួយនិងឱកាសក្នុងការបញ្ចេញសមត្ថភាព ទេពកោសល្យរៀងៗខ្លួន ទទួលបានលទ្ធផលល្អ កេរ្តិ៍ឈ្មោះល្អ ដែលអាចរួមចំណែកកសាងសង្គមជាតិឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ក្រុមការងារមន្ត្រីសាខាខេត្ត មន្ត្រីអនុសាខាស្រុក និងទីប្រឹក្សាយុវជនកាកបាទក្រហម ដែលចូលរួមសហការបានយ៉ាងល្អប្រកបដោយការទទួលខុសត្រូវ៕