(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបាននាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រិក្សាឃុំសង្កាត់នាពេលកន្លងមក។

ថ្លែងនៅក្នុងពិធីនោះលោកបណ្ឌិត សោភ័ន បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្ស ដល់បងប្អូនប្រជាពលរដ្ឋដែលមានជំនឿជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជន នឹងបាននាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជំនះយ៉ាងត្រចេះត្រចង់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រិក្សាឃុំសង្កាត់នាពេលកន្លងមក។

លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងបន្តថា ការដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺដោយសារតែបងប្អូនប្រជាពលរដ្ឋ បានមើលឃើញថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសនៅក្នុងដំណាក់ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តមួយចំនួន ដោយទទួលបានជោគជ័យហួសពីការរំពឹងទុក និងមានការស្ងប់ស្ងែងពីអន្តរជាតិដោយបានបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បានជោគជ័យ។

ក្រៅពីថ្លែងអំណគុណដល់សមាជិកគណបក្ស និងបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា, លោកបណ្ឌិត ពេជ សោភ័ន បានណែនាំ និងរំលឹកដល់ក្រុមការងារគណបក្សទាំងអស់ ត្រូវបន្តធ្វើនូវសកម្មភាព ឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ទទួលបានជោគជ័យបន្តទៅទៀត ព្រោះការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ គឺជាការបោះឆ្នោតដ៏សំខាន់ដែលជ្រើសរើសមេដឹកនាំប្រទេស៕