(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំពិធីសែនក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករ ទីតាំងប្រារព្វពិធីក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង។

តាមប្រពៃណីព្រះពុទ្ធសាសនា មុននឹងមានការសាងសង់សំណង់អ្វីមួយ ឬសម្ភោធសមិទ្ធផលណាមួយ ដែលទើបបានសាងសង់រួច គេតែងប្រារព្វពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី និងជូនដំណឹងដល់អ្នកថែរក្សាទឹកដីនោះ សុំជួយបីបាច់ថែរក្សាអោយដំណើរការនៃការសាងសង់នោះ សម្រេចបានជោគជ័យ ប្រកបដោយសុវត្ថិភាព និងរីកចំរើន ជារៀងរហូតទៅ។

ពិធីក្រុងពាលីនេះ ធ្វើឡើងមុនមួយថ្ងៃ មុននឹងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស២កន្លែង ព្រមគ្នាបន្ថែមទៀត ក្នុងរាជធានីភ្នំពេញគឺនៅព្រឹកថ្ងៃទី៣១ សីហា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ស្ពានអាកាសទាំង២កន្លែងនេះ រួមមាន៖

ទី១-នៅត្រង់ចំណុចប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមហាវិថីព្រះមុន្នីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១)។
ទី២-ត្រង់ចំណុចប្រសព្វ មហាវិថីសហពន្ធ័រុស្ស៊ីជាមួយ នឹងវិថីសម្តេចចៅហ្វាវាំងវរះវៀងជ័យធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤)។

នេះជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលនឹងលេចចេញជារូបរាង ក្នុងពេលឆាប់ៗខាងមុខ ក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យរាជធានីភ្នំពេញនិយាយដោយឡែក មានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ បម្រើឲ្យសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍, គ្រោះថ្នាក់ចរាចរ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមានការកើនឡើងទាំងចំនួនមនុស្ស និងមធ្យោបាយធ្វើ ដំណើរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសុំការយោគយល់អធ្យាស្រ័យ ពីអ្នកធ្វើដំណើរតាមដងផ្លូវ ដែលត្រូវប្រារព្វពិធី នៅពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទចរាចរ ជាបណ្តោះអាសន្ន ដើម្បីបង្កឱកាសក្នុងការប្រារព្វពិធី ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ល្អប្រសើរ ហើយនៅពេលពិធីចប់ ចរាចរនឹងត្រូវបើកដំណើរការឡើងវិញជាធម្មតា៕