(ព្រះសីហនុ)៖ ប្រតិបត្តិការស្រាវជ្រាវករណីជួញដូរមនុស្ស រហូតឈានដល់ការបង្ក្រាបករណីរក្សាទុក អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ ក្នុងនោះមានជនសង្ស័យខ្មែរ-ចិនចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅតុលាការ។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។

ប្រតិបត្តិការបង្រ្កាបករណីខាងលើនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាមានករណីបង្ខាំងមនុស្សដោយខុសច្បាប់។

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសហនុ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៣៖៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុន ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនរងគ្រោះ ០១នាក់ ជាស្រ្តីជនជនជាតិម៉ាឡេស៉ី។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយមានការចូលរួមសហការពីម្ចាស់ទីតាំងចំនួន ០២កន្លែង កម្លាំងសមត្ថកិច្ច បានស្វែងរកឃើញស្រ្តីជនជនជាតិម៉ាឡេស៉ី ដែលជាជនរងគ្រោះ នៅក្នុងក្រុមហ៊ុនដែលស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបនាំគាត់មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រតិបត្តិការ ឆែកឆេរក្រុមហ៊ុនទាំង ០២នេះ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន ០៥នាក់ ភេទប្រុស ក្នុងនោះ ០២នាក់ ឃាត់ខ្លួននៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និង ០៣នាក់ ឃាត់ខ្លួនបាននៅក្នុងក្រុមហ៊ុនមួយកន្លែងទៀត ស្ថិតនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ជាកន្លែងរំដោះបានជនរងគ្រោះ)។

បន្ទាប់មកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៣៖៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុន ជីងឆាយទី១ ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលជាកន្លែងដែលក្រុមជនសង្ស័យចាប់ជនរងគ្រោះយកទៅបង្ខាំងទុក ប្រើហិង្សា គំរាមកំហែងយកលុយ និងទូរស័ព្ទ។ តែនៅពេលដែលកម្លាំងសមត្ថកិច្ចទៅដល់ ជនសង្ស័យបានដឹងខ្លួនជាមុន ព្រោះអ្នកគ្រប់គ្រងអគារបានផ្តល់ដំណឹងឲ្យក្រុមជនសង្ស័យ និងបានរៀបចំផ្លូវក្រោយ ងាយជនសង្ស័យរត់គេចខ្លួនបាត់អស់ ទើបកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនអ្នកគ្រប់គ្រងអគារ ០១នាក់ យកមកធ្វើការសាកសួរ។

កម្លាំងសមត្ថកិច្ច បានបន្តការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ទើបចាប់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ បន្ថែមទៀត។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ០៩នាក់ ក្នុងករណី បង្ខាំងមនុស្សដោយខុសច្បាប់, កំហែងយក និង លក់-ដូរមនុស្សដោយមានគោលដៅ។ ក្នុងនោះដែរកម្លាំងសមត្ថកិច្ច ដកហូតបាន អាវុធខ្លី ០១ដើម ម៉ាក ZORAKI ពណ៌ទឹកប្រាក់ ពីជនសង្ស័យ ០១នាក់ ជនជាតិចិន ភេទប្រុស ទើបបន្តស្រាវជ្រាវពីប្រភពអាវុធខ្លីនោះ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០១៖៣០នាទី រំលងអាធ្រាត្រ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវបង្ក្រាបបាន ជនសង្ស័យចំនួន ០២នាក់ (សរុប ៣នាក់) ( ខ្មែរ១ និងចិន១) បន្ថែមទៀត ក្នុងករណីនាំចូល និងសន្និធិអាវុធដោយខុសច្បាប់ និងដកហូតបានវត្ថុតាង អាវុធចំនួន ០៦ដើម (វែង៣ និងខ្លី៣) ព្រមទាំងដកហូតបានគ្រាប់កាំភ្លើង និងសម្ភារៈកែច្នៃ មួយចំនួន។

របាយការណ៍បញ្ជាក់ដែរថា ជនរងគ្រោះជាស្ត្រីជនជាតិម៉ាឡេស៊ី អាយុ២៧ឆ្នាំ បានបាត់បង់លុយចំនួន ៩,៧០០ដុល្លារ (ប្រាំបួនពាន់ប្រាំពីររយដុល្លារអាមេរិក) និងទូរស័ព្ទដៃ ០២គ្រឿង។ ចំណែកឯជនសង្ស័យមានសរុបចំនួន ១១នាក់ (ជនជាតិចិន ១០នាក់ និងជនជាតិខ្មែរ ០១នាក់) មានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ YU CHONGCHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រប់គ្រងបុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ (ជនសមគំនិត លក់-ដូរមនុស្សដោយមានគោលដៅ)។

២៖ ឈ្មោះ YU XUNCAI ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ ថៅកែក្រុមហ៊ុន ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ (សហចារី លក់-ដូរមនុស្សដោយមានគោលដៅ)។

៣៖ ឈ្មោះ LIN BAOWEN ហៅ A BAO ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ (សហចារី បង្ខាំងមនុស្សដោយខុសច្បាប់, កំហែងយក និង លក់-ដូរមនុស្សដោយមានគោលដៅ)។

៤៖ ឈ្មោះ LIN YOUGUO ហៅ A DAN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ (សហចារី លក់-ដូរមនុស្សដោយមានគោលដៅ)។

៥៖ ឈ្មោះ LIU YUANHUANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងម៉ាស្សា ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ (ជាសហចារី លក់-ដូរមនុស្សដោយមានគោលដៅ)។

៦៖ ឈ្មោះ SHI RUI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ផ្នែកធនធានមនុស្ស ស្នាក់នៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ (ជនសមគំនិត លក់-ដូរមនុស្សដោយមានគោលដៅ និងជាសហចារី នាំចូល និងសន្និធិអាវុធដោយខុសច្បាប់ )។

៧៖ ឈ្មោះ JI XIANBO ហៅ DA PAN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងអគារ ស្នាក់នៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ (ជនសមគំនិត លក់-ដូរមនុស្សដោយមានគោលដៅ)។

៨៖ ឈ្មោះ FU ZHIKANG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងអគារ ជីងឆាយ១ ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ (សមគំនិត បង្ខាំងមនុស្សដោយខុសច្បាប់, កំហែងយក និង លក់-ដូរមនុស្សដោយមានគោលដៅ)។

៩៖ ឈ្មោះ HAN JINRUI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ (ជនសមគំនិត លក់-ដូរមនុស្សដោយមានគោលដៅ)។

១០៖ ឈ្មោះ TANG GUO HUI ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន កាន់លិខិតឆ្លងដែនលេខ EH6362750 (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ (សហចារី នាំចូល និងសន្និធិអាវុធដោយខុសច្បាប់ )។

១១៖ ឈ្មោះ សាន សុខឡេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើករថយន្ត និងការពារថៅកែចិន ស្នាក់នៅ រាជធានីភ្នំពេញ។ (សហចារី នាំចូល និងសន្និធិអាវុធដោយខុសច្បាប់)។

របាយការណ៍ដដែលបន្ថែមថា វត្ថុតាងដកហូតបានសរុបមាន៖

* រថយន្តចំនួន ០៦គ្រឿង
* ទូរស័ព្ទចំនួន ១៧គ្រឿង
* ខ្នោះដៃចំនួន ២គូ មានកូនសោរ ២គូ
* អាវុធវែង ០៣ដើម (ម៉ាក PPSH 41 គ្មានលេខសម្គាល់ មានបង់ត្រឡោក ០១ , ម៉ាក KARATAY (កាលីតឌូ) ពណ៌ទឹកប្រាក់ មានលេខៈ 19254927 ,ម៉ាក EKOL ពណ៌ខ្មៅ មានលេខៈ 2100760 មានបង់ ០២)
* បង់អាវុធវែង AK ចំនួន ០១
* អាវុធខ្លី ០៤ដើម (ម៉ាក ZORAKI ពណ៌ខ្មៅ មានលេខៈ 2101155 បង់១ ,ម៉ាក ZORAKI ពណ៌ខ្មៅ មានលេខៈ 2101156 បង់១ , ម៉ាក ZORAKI ពណ៌ស មានលេខៈ 000204 បង់១ , ម៉ាក SIG SAURER ពណ៌ខ្មៅ មានលេខៈ 239120 បង់២)
* គ្រាប់កាំភ្លើង ២៤០គ្រាប់ (សរុបរួម ២៦៥គ្រាប់)
* ឧបករណ៍ដុះលាងអាវុធ ០២ប្រអប់
* ឧបករណ៍ដាប់លេខអាវុធ ០១ប្រអប់
* ផ្លាកលេខរថយន្ត ០១គូ (ភ្នំពេញ 2AR-7844)
* ស្រោមអាវុធខ្លី ០២
* សម្ភារផ្សេងៗមួយចំនួន៕