(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញមកបញ្ជាក់បន្ថែមទៅលើសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តថា នឹងមិនអនុញ្ញាតឱ្យពន្យារពេលនៃការជួបជុំនៅចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៀតនោះឡើយ ពោលគឺត្រូវតែរំសាយការជួបជុំនេះត្រឹមម៉ោង ២៤៖០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះជាដាច់ខាត។
លោក ទៀ សីហា បានគូសបញ្ជាក់ថា លើទំព័រហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃទី៣០ ខែសីហា នេះយ៉ាងដូច្នេះ «សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថា នឹងមានការពន្យាពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ។ រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត»។
ការចេញមកបញ្ជាក់របស់លោក ទៀ សីហា បានធ្វើឡើងក្រោយពេលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់លិខិតចូលរដ្ឋបាលខេត្ត សុំពន្យារពេលនៃការជួបជុំរហូតដល់ដាច់ខែកញ្ញា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសកៀរគរសមាជិក សមាជិការបស់ខ្លួនពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួនក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។ ទិន្នន័យប៉ាន់ប្រមាណដោយអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជិត ២ម៉ឺននាក់។
រដ្ឋបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ការជួបជុំនោះ ពុំបានសុំកិច្ចសហការ និងពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការបោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរាជាដើម។
បន្ទាប់ពីការដាក់នូវឱសានវាទនៃការជួបជុំនេះ នៅថ្ងៃទី៣០ ខែសីហា នេះ រដ្ឋបាលខេត្តសៀមរាប ក៏បានដាក់ពង្រាយកម្លាំងនៅតាមផ្លូវនានាចូលទៅកាន់ចម្ការរបស់លោក ខឹម វាសនា ផងដែរ ដើម្បីទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋទៅប្រមូលផ្តុំគ្នាបន្តទៀតនោះឡើយ៕