(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក នោ ហ្យង់ជូន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំកម្ពុជា (KOICA), លោក អ៉ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងលោក ស៊ុន រ៉ាវឿន តំណាងប្រធានក្រុមហ៊ុនហ៉ីយ៉ាន់ដាយ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងចែកអំណោយ និងសម្ភារៈសិក្សា ដល់សិស្សានុសិស្សចំនួន ១០០នាក់ នៅសាលារៀនចំនួន០៣ ក្នុងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អំណោយឧបត្ថម្ភរបស់ KOICA និងក្រុមហ៊ុន ហ៉ីយ៉ាន់ដាយ បាននាំយកមកចែកជូនសិស្សានុសិស្សក្រីក្រតស៊ូរៀនសូត្រ ចំនួន ១០០នាក់ មកពីសាលាបឋមសិក្សាតាឡំ បឋមសិក្សាចុងគោក និងសាលាបឋមសិក្សាព្រះស្រែ។ សម្ភារៈអំណោយចែកជូន រួមមាន កង់១០០ កាបូបសិស្ស១០០ សៀវភៅ ៥០០ក្បាល ប៊ិច១០០ដើម ថ្នាំដុសធ្មេញ១០០ ច្រាសដុសធ្មេញ១០០ សៀវភៅរឿងនិទានផ្សេងៗ ១០០ក្បាល វចនានុក្រមសម្តេចជួនណាត ៣ក្បាល ភូគោល៣ និងម៉ូទ័របូមទឹក ១សម្រាប់ស្រោចកូនឈើ ដែលត្រូវដាំចប់កម្មវិធី ២៥០ដើមផងដែរ៕