(ភ្នំពេញ)៖ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា គឺជាអង្គការក្រៅរាជរដ្ឋាភិបាល បានឧបត្ថម្ភសៀវភៅស្ដីពី «កម្រងមាត្រាច្បាប់ សម្រាប់អ្នកសារព័ត៌មាន» ជូនដល់អង្គភាពព័ត៌មាន Fresh News ចំនួន១០ក្បាល។ ការផ្ដល់ជូនសៀវភៅនេះ ធ្វើឡើងដើម្បីជាផ្នែកមួយនៃការផ្សព្វផ្សាយ និងរឹតចំណងរវាងអង្គការក្រៅរដ្ឋាភិបាល ជាមួយអង្គភាពព័ត៌មាន Fresh News។
មិនតែប៉ុណ្ណោះក៏ដើម្បីចូលរួមផ្សព្វផ្សាយអំពីច្បាប់ និងក្រមសីលធម៌អ្នកសាព័ត៌មានជូនដល់អ្នកសារព័ត៌មានក៏ដូចជា សាធារណៈជនឲ្យបានយល់ដឹងអំពីប្រការដែលអាចធ្វើ និងមិនអាចធ្វើបានរបស់អ្នកសារព័ត៌មានផងដែរ។
សៀវភៅស្ដីពី «កម្រងមាត្រាច្បាប់ សម្រាប់អ្នកសារព័ត៌មាន» មានចំនួន៤៩ទំព័រ បានដកស្រង់នូវច្បាប់ស្ដីពីរបបសារព័ត៌មានទាំងមូល និងដកស្រង់យកមាត្រាសំខាន់ៗនៅក្នុងក្រមព្រហ្មទណ្ឌចំនួន១៤ជំពូក ស្មើនឹង ៧៣មាត្រា និងក្រមនិតិវិធីព្រហ្មទណ្ឌចំនួន៨ជំពូក ស្មើនឹង៤៨មាត្រា ដែលមានចែងអំពីសិទ្ធិសេរីភាពសសារព័ត៌មាន សេរីភាពបញ្ចេញមតិ និងទទួលបានពីសិទ្ធិក្នុងការមិនបញ្ចេញឈ្មោះប្រភព នៅចំពោះមុខតុលាការ ការរំលោភលើកម្មសិទ្ធិបញ្ញា ការរំលោភលើឯកជនភាព ធាតុផ្សំនៃរបទបរិហាកេរ្តិ៍ ធាតុផ្សំនៃបទញុះញុង និងនិតិវិធីនៃការឃាត់ខ្លួន ដីការបង្គាប់ឲ្យចូលខ្លួន និងការឃុំខ្លួនបណ្ដោះអាសន្នជាដើម។
សៀវភៅនេះក៏មានសរសេរផងដែរនូវច្បាប់ស្ដីពី ការបង្រ្កាបល្បែងស៊ីសង ផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសាព័ត៌មាន ដែលតែងតែរងការចោទប្រកាន់ពីបទកំហែងយក នៅពេលរាយការណ៍អំពីទីតាំង និងការលេងល្បែងស៊ីសង ដែលមាននៅក្នុងមូលដ្ឋាន។
តាមរយៈសៀវភៅ «កម្រងមាត្រាច្បាប់ សម្រាប់អ្នកសារព័ត៌មាន» នេះអ្នកសារព័ត៌មានអាចយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ ដើម្បីឲ្យអ្នកព័ត៌មានអាចជៀសផុតពីការប្រឈមផ្នែកច្បាប់ តាមរយៈការបំពេញវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន និងដើម្បីជៀសវាងការប្រើប្រាស់នូវវិជ្ជាជីវៈអ្នកសាព័ត៌មាន ដែលរំលោភ ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃ៕