(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានក្រុមការងារចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី នាយនគរបាល អាវុធហត្ថជាអនុប្រធាន និងជាសមាជិកក្រុមការងារជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិគ្រោះពិភាក្សាអំពីគោលការណ៍សំខាន់ៗ ជាអាទិភាពសម្រាប់បើកប្រតិបត្តិការអនុវត្តផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងការជូញដូរផ្លូវភេទ។
ក្នុងអង្គប្រជុំក៏បានឯកភាពគ្នា ទៅលើគោលការណ៍សំខាន់ៗ សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការទាំងការកំណត់គោលដៅ មុខសញ្ញា សម្រាប់ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងសង្គ្រោះ ជាពិសេស គឺការដាក់ចេញនៅវិធានការសំដៅអនុវត្តឲ្យមានប្រសិទ្ធភាពឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរនៃផែនការ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា អង្គប្រជុំក៏ទទួលបានធាតុចូលសំខាន់ៗ ពីសមាជិក សមាជិកា ហើយក៏បានឯកភាពគ្នាការធ្វើការផ្សព្វផ្សាយខ្លឹមសារប្រតិបត្តិការជាក់ស្តែងនៅថ្ងៃសុក្រខាងមុខនេះ៕