(ភ្នំពេញ)៖ គណៈប្រតិភូធុរកិច្ចជន និងអ្នកវិនិយោគរបស់ជប៉ុនតំណាងឱ្យក្រុមហ៊ុនជប៉ុនចំនួន១៤ ដឹកនាំដោយតំណាងអង្គការ JETRO របស់ជប៉ុន ប្រចាំនៅកម្ពុជា បានចូលជួបលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីស្វែងយល់ និងស្វែងរកឱកាសធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។
គណៈប្រតិភូធុរកិច្ចជន និងអ្នកវិនិយោគជប៉ុន បានចូលជួបលោក ប៉ាន សូរស័ក្តិ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។ លោក ប៉ាន សូរស័ក្តិ បានបង្ហាញនូវក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានគណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុន ដែលដឹកនាំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំរាជធានីភ្នំពេញ ក្នុងការអញ្ជើញមកកម្ពុជា ជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្ម។ លោករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរចំពោះអង្គការ JETRO ប្រចាំរាជធានីភ្នំពេញ ដែលតែងតែគាំទ្រ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នាពេលកន្លងមក។
លោក ប៉ាន សូរស័ក្តិ បន្តថា JETRO គឺជាដៃគូដ៏ល្អមួយរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ដោយតែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងគោលដៅជំរុញពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,៧០០លានដុល្លាអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,០៩៣លានដុល្លាអាមេរិក រីឯជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់ប្រមាណជាង ៦០៧លានដុល្លាមេរិក។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន មានផលិតផលដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលផ្សេងទៀត។
ក្នុងក្របខ័ណ្ឌវិនិយោគវិញ គិតត្រឹមឆ្នាំ២០២១ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៤៦គម្រោង ជាមួយនឹងទុនវិនិយោគសរុបចំនួនជាង ២.៨ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ គម្រោងវិនិយោគរបស់ជប៉ុនមានចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦២លានដុល្លារអាមេរិក។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា របស់ក្រសួងពាណិជ្ជកម្ម នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ដែលបានដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ហើយមជ្ឈមណ្ឌលនេះគឺជាទីកន្លែងតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជា ព្រមទាំងជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន ក៏ដូចជាសាធារណជនទូទៅ មកសាកសួរព័ត៌មានបន្ថែមអំពីច្បាប់បញ្ញត្តិ និងចម្ងល់នានា ដើម្បីមានមូលដ្នានមុនសម្រេចចិត្តធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកស្រី Marisa Haruta តំណាងអង្គការ JETRO ជប៉ុនប្រចាំរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មមាញឹកទទួលជួបជាមួយគណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុនដឹកនាំដោយអង្គការ JETRO ជប៉ុនប្រចាំរាជធានីភ្នំពេញ។
លោកស្រីបន្តថា គោលបំណងនៃគណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុនមកកាន់កម្ពុជានាពេលនេះ ដើម្បីផ្តល់ឱកាសដល់គណៈប្រតិភូធុរកិច្ចជប៉ុនបានស្តាប់ដោយផ្ទាល់ពីលោករដ្ឋមន្ត្រី អំពីស្ថានភាពទូទៅនៃបរិយាកាសធុរកិច្ចនៅកម្ពុជា និងស្ថានភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ ជាពិសេសការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិនជប៉ុនឱ្យពិចារណាក្នុងការប្រកបអាជីវកម្មនិងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនជប៉ុនទាំងអស់ ដែលត្រៀមខ្លួនមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយបានបញ្ជាក់ពីកិច្ចសហប្រតិបត្តការរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមសម្របសម្រួល ជាមួយក្រុមហ៊ុនទាំងអស់។ បន្ថែមពីលើនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការ JETRO ជប៉ុនប្រចាំរាជធានីភ្នំពេញ ចំពោះការដឹកនាំគណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជា ក្នុងការធ្វើការសិក្សាស្វែងយល់អំពីបរិយាសធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់៕