(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុង១ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន មានទម្លាក់សាច់ប្រាក់ប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥-២០២២ ក្នុងរង្វង់ប្រមាណ៨ពាន់លានរៀល ទៅដល់រដ្ឋបាលក្រុងទាំង២៨ មិនរាប់បញ្ចូលរាជធានីភ្នំពេញ ដើម្បីអនុវត្តលើផែនការសំអាតទីក្រុងរបស់ខ្លួនឱ្យបានប្រសើរឡើង។
ការឱ្យដឹងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
«បើគិតពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០២២នេះ គឺមានថវិកាចំនួន ៥៦ពាន់លានរៀលហើយ ដែលត្រូវបានរាជរដ្ឋាភិបាល បានទម្លាក់ដល់ទីប្រជុំជនក្រុងចំនួន២៨ ដើម្បីសំអាតអនាម័យបរិស្ថាន»។ នេះបើការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្តថា ក្រសួងបរិស្ថាន បានផ្តល់រថយន្តដឹកសំរាមដល់រដ្ឋបាលក្រុង ស្រុក ថ្នាក់ក្រោមជាតិចំនួន ៥៨គ្រឿង។ បានផ្តល់ម៉ូតូកង់បីដឹកសំរាមដល់រដ្ឋបាលក្រុង ស្រុក ថ្នាក់ក្រោមជាតិចំនួន ១១៨គ្រឿង។ ផ្តល់ឡដុតសំរាមចំនួន ៦៦គ្រឿង។ បានផ្តល់ធុងចម្រោះទឹកដល់រដ្ឋបាលក្រុង ស្រុក ថ្នាក់ក្រោមជាតិ តាមរយៈមន្ទីរបរិស្ថាន ចំនួន ១២៩គ្រឿង និងបានផ្តល់ធុងសំរាមធំចំណុះ ១៤ម៉ែត្រគូបចំនួន ៦៨ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននេះ បង្កើតសំណល់រឹងសំរាមចំនួនជាង ១ម៉ឺនតោន ក្នុងមួយថ្ងៃ និងប្រមាណជាង ៤លានតោន ក្នុងមួយឆ្នាំក្នុងនោះសំណល់សរីរាង្គប្រមាណ ៦០% សំណល់ប្លាស្ទិកប្រហែល ២០% និងសំណល់ទូទៅប្រមាណ ១០%។ យោងលើកំណើនការបង្កើតសំរាមតាមទីក្រុងស្រុកមានចន្លោះពី ១០ ទៅ១២% នៅក្នុងមួយឆ្នាំ។
ទន្ទឹននឹងនេះលោក នេត្រ ភក្ត្រា បានបន្តថា ក្នុងសំណល់ ១០០% មានសំណល់ប្រមាណជាង ៥០% ប៉ុណ្ណោះត្រូវបានប្រមូលចាក់ទីលាន ក្រៅពីនោះត្រូវបានបោះចោលនៅតាមតំបន់ផ្សេងៗ ឬចូលក្នុងប្រភពទឹក និងការដុតកម្ទេចចោល។ ក្នុងមួយថ្ងៃៗសំណល់ដែលត្រូវបានប្រមូលយកទៅចាក់ចូលទីលានសរុបប្រចាំថ្ងៃប្រមាណ ៥,៥១៧តោន ដែលមានប្រមាណ ២,០១៣,៩២៤តោន/ឆ្នាំ)។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា នៅទូទាំងប្រទេសមានទីលានសរុបចំនួន២១៣ ក្នុងនោះទីលានដែលជាកម្មសិទ្ធិរដ្ឋរបស់មានចំនួន១៤២ ស្មើនឹង ៦៦,៦% និងជាកម្មសិទ្ធិរបស់ឯកជនមាន ៧០ទីលាន ស្មើនឹង ៣២,៧%។ ការសិក្សារៀបចំទីលានថ្មីក្នុងគម្រោងកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មាន៣ទីលាន កំពុងសិក្សានៅស្ថិតនៅខេត្តកំពង់ចាម កំពង់ធំ និងស្ទឹងត្រែង និងទីលានកំពុងសាងសង់មាន៧ ស្ថិតនៅខេត្តកំពត កែប បាត់ដំបង ពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ និងកំពង់ឆ្នាំង និងក្នុងគម្រោងកម្ចីឥណទានរបស់ធនាគារពិភពលោកមាន ៣ទីលាន ដែលកំពុងសិក្សានៅខេត្តសៀមរាប កំពង់ស្ពឺ និងកណ្ដាល។
ស្ថានភាពនៃការគ្រប់គ្រងទីលានជាទូទៅមានលក្ខណៈជាទីលានចំហ លើកលែងតែទីលានថ្មី១ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ក្រុងព្រះសីហនុ ដែលមានលក្ខណៈជាទីលានប្រកបដោយអនាម័យ។ រៀបចំឱ្យមានសេវាប្រមូលសំរាម សេវាទីលានផ្ទេរនិងទីលានទុកដាក់សំរាម តាមបទដ្ឋានបច្ចេកទេស និងសេវាប្រមូលកម្រៃច្បាស់លាស់ ក្នុងនោះទីប្រជុំជនចំនួន២៥២ មានសេវាគ្រប់គ្រងសំរាម (ផ្តល់ដោយរដ្ឋបាលក្រុងស្រុកចំនួន១១ គណៈអាជីវករផ្សារចំនួន១៤ សហគមន៍ និងអ្នកស្ម័គ្រចិត្តចំនួន៥២ ភារស៊ីផ្សារចំនួន១៥៤ និងក្រុមហ៊ុនចំនួន ៧១)៕