(ភ្នំពេញ)៖ លោក កៀង ល័ក្ស អភិបាល ខណ្ឌចំការមន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យការស្ដារប្រព័ន្ធលូ និងអណ្ដូងលូ ដែលគម្របលូ មានការបាក់បែក ដើម្បីដាក់ថ្មី និងការជួសជុលផ្លូវសំបុកមាន់ នៅមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ២៧១ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធ។
ក្នុងដំណើរចុះពិនិត្យការស្តារលូ និងមើលផ្លូវនេះ លោក កៀង ល័ក្ស បានឱ្យដឹងថា អាជ្ញាធរចុះអនុវត្តន៍ធ្វើជាប្រចាំ ដើម្បីកុំឱ្យមានដក់ទឹកនៅលើទ្រូងផ្លូវ។ ចំពោះការងារទាំងនេះ គឺអនុវត្តន៍តាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ដែលជំរុញឱ្យយុទ្ធនាការស្តារលូ គឺដើម្បីរំដោះទឹកភ្លៀង នៅរដូវវស្សាខាងមុខនេះ។ ខណៈប្រជាពលរដ្ឋ រស់នៅអមសង្ខាងផ្លូវ គឺពួកគាត់បានយល់ដឹង ហើយក៏មានសកម្មភាពយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្រ្តស្តារលូនេះ។ លូជាដង្ហើមទឹក ដើម្បីរំដោះទឹកជន់លិច ដោយទឹកភ្លៀងឱ្យបានទាន់ពេលវេលា ហើយក៏ជាការចូលរួមអភិវឌ្ឍន៍ជូនប្រជាពលលរដ្ឋ នៅរាជធានីភ្នំពេញផងដែរ។
ជាលទ្ធផល លោកអភិបាលខណ្ឌ បានចាត់ឱ្យការិយាល័យសាធារណការខណ្ឌ អនុវត្តក្នុងការងារដាក់គម្របលូថ្មី និងបានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវខាងលើ កុំឱ្យយកសំរាមមកដាក់លើគម្របលូ ដើម្បីជៀសវាងសំរាមធ្លាក់ចូលក្នុងលូ ធ្វើឱ្យមានការកកស្ទះប្រព័ន្ធលូ នៅពេលមានភ្លៀងធ្លាក់ខ្លាំង៕