(ភ្នំពេញ)៖ ដោយពិនិត្យឃើញជាក់ស្តែង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីរាជការ កម្លាំងសណ្តាប់ធ្នាប់ ចុះកាត់ស្មៅ តាមចិញ្ចើមផ្លូវ ទីតាំងដីដែលមិនមានម្ចាស់ថែទាំ និងកើបកាយដីចេញពីតាមអណ្តូងលូ បានកើបដីចេញ និងបាញ់ទឹកលាងសំអាតដី ធ្លាក់ប្រឡាក់ផ្លូវ ចុះពីស្ពានព្រែកព្នៅ ខាងខណ្ឌព្រែកព្នៅ ។
ក្នុងពេលចុះកាត់ស្មៅកាយកើបដី និងបាញ់ទឹកលាងផ្លូវនេះ លោក ធឹម សំអាន បានអោយដឹងថា នៅចំណុចស្ពានព្រែកព្នៅនេះ មានរថយន្តដឹកដី ផ្គត់ផ្គង់ការដ្ឋានសំណង់ក្បែរៗនោះ បណ្តាលអោយដីធ្លាក់ពាសពេញដងផ្លូវ ឃើញដូចនេះលោកក៏បានដឹកនាំកម្លាំងចុះបាញ់ទឹកលាងសំអាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។
ជាមួយនេះផងដែរ រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏សូមអាស្រ័យដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចស្ពានព្រែកព្នៅ ដោយស្ថានភាពផ្លូវនេះ មានដីខ្សាច់ហូរស្រក់រថយន្ត បណ្តាលអោយមានទឹកដក់ មានដីហុយ ដែលធ្វើអោយពិបាកក្នុងការធ្វើដំណើរ៕