(ភ្នំពេញ)៖ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម តំណាងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានយកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជន ចំនួន ៨,២៨០,០០០រៀល ជូនដល់គ្រួសារសពឧបាសក នាង ធេម ផ្ទះលេខ៤ ផ្លូវ៣៥១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយពេលដែលឧបាសក នាង ធេម បានទទួលមរណភាពរយៈពេល៤ថ្ងៃ។
ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជនជាកញ្ចប់ ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្រុមគ្រួសារសពនិវត្តន៍ជនជាលើកចុងក្រោយដែលមានទំហំទឹកប្រាក់ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុនពេលទទួលមរណភាព។
ដើម្បីទទួលបានប្រាក់គោលរបបនេះក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាងក្រោម៖
១៖ សេចក្តីចម្លងសំបុត្រមរណភាព
២៖ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៣៖ សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬ ATM
៤៖ អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ
បេីមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧០ ៦០៧ ៧៨៣/ ០៩៥ ២៧៩ ៣៣៣/ ០៩៧ ៣១១ ៨០០០៕