(បន្ទាយមានជ័យ)៖ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នជាថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ នៅក្នុងខេត្តបន្ទាយមានជ័យចំនួន៤រូប បានសម្រេចចិត្តផ្លាស់ប្តូរជីវភាពនយោបាយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ បន្ទាប់ពីពួកគេបានមើលឃើញ និងយល់ច្បាស់អំពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ និងកសាងសង្គមកម្ពុជា។
ក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ក្នុងខេត្តបន្ទាយមានជ័យ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះរួមមាន៖ លោកស្រី រិន ផល្លី ប្រធានគណៈកម្មាធិការបក្សខេត្ត, លោក ឈុំ សំប៊ុន ប្រធានគណៈកម្មាធិការបក្សក្រុងសិរីសោភ័ណ, លោក សឿន សារឿម ប្រធានគណៈកម្មាធិការបក្សស្រុកស្វាយចេក និងលោក អ៊ុន សារី ប្រធានគណៈកម្មាធិការបក្សស្រុកអូរជ្រៅ។
លោកស្រី រិន ផល្លី បានរំលឹកថា លោកស្រីធ្លាប់ជាក្បាលម៉ាស៊ីនដឹកនាំអតីតគណបក្សសមរង្ស៉ី ជាបេក្ខភាពសមាជិកព្រឹទ្ធសភា និងក្រោយមកក៏បានធ្វើជាប្រធានចលនាស្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តបន្ទាយមានជ័យ។ លុះក្រោយមកលោកស្រី ក៏បានចូលបម្រើជីវភាពនយោបាយនៅគណបក្សខ្មែរស្រឡាញ់ជាតិ ហើយក្នុងពេលឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ គណបក្សភ្លើងទៀន បានទៅបញ្ចុះបញ្ចូលលោកស្រីឱ្យទៅបម្រើគណបក្សនោះផងដែរ។
លោកស្រី រិន ផល្លី បានលើកឡើងថា លោកស្រី និងក្រុមការងាររបស់លោកស្រី បានចំណាយពេលជាច្រើនក្នុងការបម្រើគណបក្សប្រឆាំងនៅក្នុងខេត្តបន្ទាយមានជ័យ ក៏ព្រោះតែការយល់ខុសចំពោះគណបក្សប្រជាជនកម្ពុជា។ ជាពិសេសលង់ជឿមេដឹកនាំបក្សប្រឆាំង ដែលតែងតែអះអាងពីការផ្តល់តួនាទី និងមុខតំណែងផ្សេងៗជូនពួកគេ។
«ពេលនេះខ្ញុំបានមើលឃើញ និងយល់ច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែងរកសុខសន្តិភាព បង្រួបបង្រួមជាតិ និងកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។ ខ្ញុំសូមចូលរួមរស់ជាមួយគណបក្សប្រជាជន និងប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីរួមចំណែកបម្រើជាតិមាតុភូមិ»។ នេះជាការបញ្ជាក់របស់លោកស្រី រិន ផល្លី។
លោកស្រី រិន ផល្លី បានប្រកាសសន្យាកៀរគរក្រុមការងាររបស់ខ្លួន ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពបម្រើគណបក្សប្រជាជនកម្ពុជា ឈានឆ្ពោះទៅដណ្តើមជោគជ័យលើការបោះឆ្នោតឆ្នាំ២០២៣។
លោក យូ សិរីវុឌ្ឍ តំណាងអ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាក្រុមការងារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុតវត្តមានមេដឹកនាំបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យទាំង៤រូប។ លោក យូ សិរីវុឌ្ឍ បានថ្លែងថា ការសម្រេចចិត្តរបស់ពួកគេ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត។
លោក យូ សិរីវុឌ្ឍ បានចាត់ទុកការសម្រេចចិត្តនោះ គឺជាការភ្ញាក់រលឹកដើរចេញពីមនោគមន៍វិជ្ជានយោបាយមួយដែលមិនត្រឹមត្រូវ ហើយឆ្ពោះមករួមរស់ជាមួយបក្សនយោបាយ ដែលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវក្នុងការកសាងជាតិ។
លោក យូ សិរីវុឌ្ឍ បានណែនាំដល់អតីតថ្នាក់ដឹកនាំបក្សប្រឆាំងប្រឹងកៀរគរសមាជិកមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា ហើយនាពេលខាងមុខអ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នឹងអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនដែលស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅទូទាំងខេត្តបន្ទាយមានជ័យ៕