(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំ និងសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយផលបញ្ហាសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត។

ការកោតសរសើរនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព ដោយក្នុងកិច្ចប្រជុំនោះ សម្តេចបានមានប្រសាសន៍មួយចំនួន។

សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកោតសរសើរដល់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានដឹកនាំ និងសហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល ខេត្តសៀមរាប ដោះស្រាយផលប៉ះពាល់ចំពោះអ្នកកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋាន អង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ដើម្បីបំពេញតាមលក្ខខណ្ឌ នៃការបន្តរក្សាលក្ខណៈសម្បត្តិ របស់ តំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក។

សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាលជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល ខេត្តសៀមរាប រៀបចំអភិវឌ្ឍតំបន់រុនតាឯក ទៅជាភូមិធម្មជាតិរុនតាឯក ដែលជាទីតាំងបន្តមរតកពី សម្ដេចវិបុលបញ្ញា សុខ អាន ឱ្យក្លាយជាទីក្រុងរណបថ្មីសម្រាប់ការផ្លាស់ទីលំនៅរបស់ ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន ផ្លូវលំ សាលារៀន មន្ទីរពេទ្យ សេវាទឹកស្អាត និងអគ្គិសនីជាដើម។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីបន្តរក្សាលក្ខណៈសម្បត្តិ របស់ តំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក។ សម្រាប់ពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្ររុះរើដោយខ្លួនឯង រាជរដ្ឋាភិបាលបានផ្តល់នូវដីឡូតិ៍ទំហំ២០ គុណ៣០ម៉ែត្រ ជូនពួកគេ ដើម្បីតាំងទីលំនៅថ្មីនៅស្រុកបន្ទាយស្រី។

របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ក្រុមការងារបច្ចេកទេសបាន និងកំពុងធ្វើការវាស់វែងក្បាលដីនៅភូមិគោលដៅទាំង ១១៤ ភូមិ ស្ថិតនៅឃុំចំនួន ១៧ សង្កាត់ចំនួន ៧ ក្រុងចំនួន ១ និងស្រុកចំនួន ៤ ក្នុងភូមិសាស្រ្ដខេត្តសៀមរាប ក្នុងនោះ ៨១ភូមិ សម្រេចលទ្ធផលបាន ១០០% និង ៣៣ភូមិ កំពុងអនុវត្តការងារវាស់វែង សម្រេចលទ្ធផលបាន ៨០% ដោយវាស់វែងក្បាលដីបានសរុប ៨៦ ២៣០ក្បាលដី ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ៣៧ ៣៥១ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤២ ៩២២ក្បាលដី និងក្បាលដីជាដីស្រែចម្ការ ចំនួន ៥ ៩៥៧ក្បាលដី។

របាយការណ៍បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេស ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ បានទៅចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯករួច ចំនួន ១ ១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ ឡូត៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។ ប្រជាពលរដ្ឋសាទរ និងពេញចិត្តក្នុងការទទួលយកដីឡូត៍ជាមួយនឹងការដាំដំណាំហូបផ្លែជូនគ្រប់ដីឡូត៍ដោយក្រសួងបរិស្ថាន និងបានទៅសម្អាតដីឡូត៍រៀងៗខ្លួន។

នៅតំប ន់រុនតាឯក ក្រុមការងាររាជរដ្ឋាភិបាល បាន និងកំពុងសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយបន្ថែមនូវផ្សារ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹក អគ្គិសនី សេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ដើម្បីសម្រួលដល់ជីវភាព
រស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ៕