(ភ្នំពេញ)៖ ក្រុមមេធាវីអាស៊ីកម្ពុជា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី និងសាលារបាំ នរោត្តម បុប្ផាទេវី កាលពីពេលថ្មីៗនេះ បានជួបពិភាក្សាគ្នាលើការងារកិច្ចសហប្រតិបត្តិការក្នុងការដឹកនាំសិល្បករទៅនៅប្រទេសម៉ាឡេស៊ី ដើម្បីយកល្ខោនក្បាច់បុរាណរឿង «ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី» ទៅសម្ដែងនៅម៉ាឡេស៊ី ក្នុងពិធីបុណ្យឯករាជ្យជាតិកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃពុធផ្តោតសំខាន់លើការឧបត្ថម្ភគាំទ្រដល់ការធ្វើដំណើរ ការស្នាក់នៅការដឹកជញ្ជូនសម្ភារៈ និងការសមលើឆាករបស់សិល្បករជាដើម។ ជាលទ្ធផលភាគីទាំងអស់បានយល់អំពីគ្នាជាក់លាក់ និងបានបង្ហាញឆន្ទៈក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក។

ការត្រៀមដឹកនាំក្រុមសិល្បករឈុតធំចំនួន៧៤នាក់ ទៅសម្ដែងល្ខោនក្បាច់បុរាណរឿង «ព្រះបាទជ័យវរ្ម័នទី៧ព្រះនាងឥន្ទ្រទេវី» នៅប្រទេសម៉ាឡេស៊ី ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍មហោស្រពល្ខោនក្បាច់បុរាណមួយនេះទទួលបានជោគជ័យខ្លាំងក្នុងការសម្ដែងរបស់សិល្បករ។

បើតាម លោកស្រី សេង វួចហ៊ុន ប្រធានក្រុមមេធាវីអាស៊ីកម្ពុជា និងជាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានថ្លែងថា ក្នុងឱកាសនៃការរៀបចំទិវាបុណ្យឯករាជ្យជាតិលើកទី៦៩ ដែលនឹងត្រូវសហការរៀបចំដោយស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី និងសមាគមដែលមានលោកស្រីជាប្រធាន បានសម្រេចដឹកនាំឱ្យមានការសំដែងល្ខោនក្បាច់បុរាណឈុតធំរឿង «ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី» នៅម៉ាឡេស៊ី ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់វិស័យវប្បធម៌ជាតិទៅកាន់ពិភពលោក ជាពិសេសការបង្ហាញពីការរំលឹកដល់គុណូបការៈដ៏ធំធេងនៃបុព្វបុរសសម័យមហានគរ។

លោកស្រីបានបន្តថា៖ «ក្នុងឱកាសនោះផងដែរ យើងក៏នឹងធ្វើការផ្សព្វផ្សាយនូវគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាលដើម្បីទាក់ទាញដល់ការវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជាផងដែរ ព្រោះការសម្ដែងល្ខោនក្បាច់បុរាណរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” ក៏មានការចូលរួមទស្សនាពីមន្ត្រីស្ថានទូតផ្សេងៗ ក៏ដូចជាអ្នកវិនិយោគសំខាន់ៗ ប្រចាំនៅប្រទេសម៉ាឡេស៊ីផងដែរ»

លោកស្រីបន្ថែមថា៖ «កម្មវិធីនេះនឹងត្រូវបានឧបត្ថម្ភគាំទ្រដោយស្ថាប័នពាក់ព័ន្ធរួមទាំងក្រុមមេធាវីអាស៊ីកម្ពុជា និងដៃគូសហការផ្សេងទៀត»

លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីនឹងរៀបចំកម្មវិធីអបអរបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

លោកបានសម្តែងនូវសេចក្តីរីករាយក្នុងការសការជាមួយក្រុមមេធាវីអាស៊ីកម្ពុជា ដើម្បីនាំយកក្រុមសិល្ប:ខ្មែរមកសម្តែងនៅប្រទេសម៉ាឡេស៊ីនាឱកាសនេះ គឺក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌ជាតិទៅកាន់ពិភពលោក ព្រមទាំងជួយជំរុញការទាក់ទាញទេសចរណ៍ឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើងៗ។

ស្ថានទូតមានផែនការអញ្ចើញភ្ញៀវ អង្គទូត មន្ត្រីជាន់ខ្ពស់ ក្រសួងស្ថាប័នរដ្ឋម៉ាឡេស៊ី និងសហគមធុរកិច្ចម៉ាឡេស៊ី និងកម្ពុជាសរុបពី៤០០-៥០០នាក់ ចូលរួមកម្មវិធីអបអរសាទរ បុណ្យឯករាជ្យជាតិកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខ៕