(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្តឲ្យមានការចូលរួមពីស្រ្តីនៅគ្រប់ទម្រង់ការងារ និងស្ថានភាពទាំងអស់នៃការងារបោសសម្អាតមីននៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងការកែសម្រួលគោលការណ៍ណែនាំ ស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ដែលបានប្រព្រឹត្តិទៅនៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពារសិទ្ធិស្រ្តី និងផ្តល់តួនាទីឲ្យស្រ្តីឲ្យមានការចូលរួមគ្រប់សកម្មភាពសង្គម និងនយោបាយ។ បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា មានការចូលរួមច្រើនពីស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងមានស្រ្តីប្រមាណ ៥០% ជាអ្នកដោះមីន ក្នុងការធានាសុខសុវត្ថិភាព និងផ្តល់ក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

«មូលហេតុដែលវិស័យសកម្មភាពមីន មានមុខមាត់ជាស្រ្តី គឺដោយសារសហគមន៍ដែលងាយរងគ្រោះ មានផលប៉ះពាល់ និងមានហានិភ័យខ្ពស់ដោយសារមីន ភាគច្រើនគឺជាស្ត្រី ដូចអ្វីដែលយើងបានឃើញថាអ្នកទទួលផលប្រយោជន៍ពីការងារបោសសម្អាតមីន ប្រមាណជា ៥០ % ជាស្ត្រីផងដែរ»។ នេះបើតាម លោកទេសរដ្ឋមន្ត្រី។

ដើម្បីឲ្យស្រ្តីរួចចាកផុតពីការព្រួយបារម្ភ ការភ័យខ្លាច និងផ្លាស់ប្តូរផ្នត់គំនិតឲ្យកាន់តែមានភាពរឹងមាំ និងក្លាហាន លោកទេសរដ្ឋមន្រ្តី បានណែនាំនូវគោលការណ៍ ៧ចំណុចសម្រាប់ការចូលរួមរបស់ស្រ្តី៖

*១៖ ត្រូវធ្វើអ្វីឱ្យល្អបំផុតដែលអាចធ្វើបាន
*២៖ អនុញ្ញាតឱ្យខ្លួនឯងត្រូវបានគេមើលឃើញ
*៣៖ ទៅមុខកាន់តែឆ្ងាយ កុំភ័យខ្លាច បញ្ចេញវាចេញឱ្យអស់ និងកុំទុកអ្វីចោល
*៤៖ នេះគឺជាខ្លួនឯង
*៥៖ នេះគឺជាកន្លែងដែលខ្លួនឯងមក
*៦៖ នេះគឺជាកំហុសឆ្គងរបស់ខ្លួនឯង
*៧៖ នេះគឺជាអ្វីដែលមានន័យថាជាកម្មសិទ្ធិរបស់អ្នក។

សូមបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រថវិកាពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (Clearing for Results) ដំណាក់កាលទី៤ ក្នុងគោលបំណងធ្វើការពិនិត្យរួមគ្នាលើខ្លឹមសារសេចក្តីព្រាង និងប្រមូលធាតុចូល/យោបល់បន្ថែមពីប្រតិបត្តិករ ក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ) និងភាគីពាក់ព័ន្ធ ដើម្បីឱ្យគោលការណ៍ណែនាំនេះកាន់តែមានលក្ខណៈល្អប្រសើរ និងអាចឆ្លើយតបទៅនឹងការអនុវត្តជាក់ស្តែងបានគ្រប់ជ្រុងជ្រោយ។

គោលការណ៍ណែនាំស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន គឺជាឧបករណ៍ជំនួយសម្រាប់ការអនុវត្តការបញ្ជ្រាបយេនឌ័រនៅក្នុងសសរស្តម្ភសំខាន់ៗនៃសកម្មភាពមីន ដូចជាការស្រាវជ្រាវនិងបោសសម្អាតមីន/ស.ផ.ស. ការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងការស្វែងរកការគាំទ្រមតិ៕