(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បាននាំយកទេយ្យទានប្រគេនព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប។
ការអញ្ជើញរបស់លោកស្រីរដ្ឋមន្ត្រីនេះគឺធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះអមដំណើរដោយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអគ្គនាយករង បានក្រាបថ្វាយបង្គុំ និងប្រគេនទេយ្យទានមួយចំនួន ថ្វាយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី១១ ដែលជាបុណ្យដ៏ធំមួយនៃប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក។ ម៉្យាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៤រោច ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ១៥រោច ខែភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នានាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សា តាមទីវត្តអារាមនានា៕