(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនលោកជំទាវ ឡាញ់ ដារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជៀប ស៊ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១៖២០នាទី ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

ក្នុងសារលិខិតរំលែកទុក្ខលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុកមរណភាព ឯកឧត្តម ជៀប ស៊ីវន គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ពោរពេញទៅដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏សំខាន់មួយរូប ដែលបានរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរៀងរហូតមក។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមវាយតម្លៃខ្ពស់ចំពោះវីរភាព និងគុណបំណាច់របស់ ឯកឧត្តម ជៀប ស៉ីវន ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ខិតខំតស៊ូគ្រប់កាលៈទេសៈ ក្នុងការចូលរួមចំណែកបម្រើជាតិ មាតុភូមិ និងប្រជាជន ពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការកសាងកម្ពុជាជានីតិរដ្ឋ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕