(សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់។
កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាប្រមាណ ១,១១៧គ្រួសាររួចម្តងមកហើយ។ ការចំណាយពេលដ៏មមាញឹកនឹងការងាររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួបសំណេះសំណាលដោយផ្ទាល់ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់នានា ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរៀបចំភូមិឋានថ្មីជូនពួកគាត់ មិនមែនយកពលរដ្ឋទៅទុកចោលកណ្តាលព្រៃរហោឋាននោះឡើយ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ប្រតិបត្តិការក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ គឺឈ្នះទាំងការរក្សារមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងឈ្នះដោយពលរដ្ឋមានកន្លែងស្នាក់អាស្រ័យមួយដ៏ច្បាស់លាស់ គឺទទួលបានជោគជ័យយ៉ាងធំធេងបំផុត។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងនៅតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សុទ្ធតែបានជ្រូតជ្រាបពីគោលបំណងរបស់រាជរដ្ឋាភិបាល ហើយបានចូលរួមសហការអនុវត្តន៍ប្រកបដោយក្តីរីករាយ និងមិនបានបង្កការលំបាកណាមួយនោះឡើយ។ នេះជាលទ្ធផលជោគជ័យដ៏ធំធេងសម្រាប់ជាតិកម្ពុជាទាំងមូល។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរជាសម្បត្តិមនុស្សជាតិលើពិភពលោកសម្រេចបានការវាស់វែង និងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ក្នុងតំបន់រមណីយដ្ឋានអង្គរស្ថិតនៅ ១១៤ភូមិ, ២៤ឃុំ/សង្កាត់ និង ៥ក្រុង/ស្រុក ស្មើនឹង ៩៧,៨៥៥ក្បាលដី ទំហំ ២៩,១៧៤ហិកតា។
ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកសរុប ៣,៨៦៨គ្រួសារ។ ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងបានរុះរើតូប រោង កញ្ចុះ និងផ្ទះសាងសង់ខុសច្បាប់ស្ថិតក្នុងតំបន់រមនីយដ្ឋានអង្គរបានប្រមាណ ៤០០តូប។
ទន្ទឹមនឹងការងារវាស់វែង និងស្រង់ទិន្នន័យក្បាលដីនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាហើយនោះ ក្រុមការងារក៏បានប្រឹងប្រែងសម្រេចការងារបែងចែកដីឡូតិ៍ ការឈូសឆាយដី និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅភូមិធម្មជាតិរុនតាឯកកន្លែងដែលពលរដ្ឋត្រូវផ្លាស់ទីទៅរស់នៅផងដែរ។ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋលើភូមិធម្មជាតិរុនតាឯក សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារ បណ្តាញអ៉ីនធើណេតជាដើម។ សម្តេចតេជោ ក៏បានសម្រេចផ្តល់ដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ផ្តល់បណ្ណក្រីក្រ បណ្ណស្ត្រីមានផ្ទៃពោះ ផ្តល់ដីពេលបំបែកគ្រួសារ ឧបត្ថម្ភថវិកា ១លាន ៤០ម៉ឺនរៀល ស្បៀងអាហារមួយចំនួនធំ និងស័ង្កសីសម្រាប់ធ្វើផ្ទះចំនួន ៣០សន្លឹកក្នុងមួយគ្រួសារ។
បច្ចុប្បន្នកិច្ចការរៀបចំដី និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ផ្តល់តួនាទីភារកិច្ចជូនទៅកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដែលដឹកនាំបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ ខេង សុមេធ។ ដើម្បីសម្រេចឱ្យបានតាមបទបញ្ជារបស់សម្តេចតេជោ លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំសំអាតព្រៃយកដីជូនប្រជាពលរដ្ឋនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានឈរជើងដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ហើយកងវិស្វកម្មបំពេញការងារដោយគ្មានការឈប់សម្រាកនោះឡើយ។
នាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកងវិស្វកម្មតេជោហ៊ុនសែនសៀមរាប បានឱ្យដឹងថា លោកបានដាក់គ្រឿងចក្រសរុបជាង ២០០គ្រឿង និងកម្លាំងរហូតដល់ទៅជាង ១ពាន់នាក់ បំពេញប្រតិបត្តិការលើការដ្ឋានរៀបចំភូមិឋានធម្មជាតិរុនតាឯក។
របាយការណ៍បានបង្ហាញថា ការឈូសឆាយរៀបចំដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯកសម្រេចបានទំហំជាង ៤៣១ហិកតា ស្មើនឹងជាង ៧៦ភាគរយនៃផ្ទៃដីសរុបទំហំ ៥៦៦ហិកតា។ ការស្ថាបនាផ្លូវក្រួសក្រហមបានប្រវែងប្រមាណ ២០គីឡូម៉ែត្រ, ការសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ២៤បន្ទប់ និងអគារទីចាត់ការ និងបណ្ណាល័យ ១ខ្នង ស្មើនឹង ៣បន្ទប់ សម្រេចបាន ១៥ភាគរយ។
ការសាងសង់មណ្ឌលសុខភាពរួមមាន៖ អគារជំងឺទូទៅ ១ខ្នង, អគារសម្ភព ១ខ្នង និងអគារស្នាក់នៅរបស់គ្រូពេទ្យ ១ខ្នង សម្រេចបាន ១៥ភាគរយ, ការសាងសង់ផ្សារចំនួន ៨ខ្នង សម្រេចបាន ៥ភាគរយ។
ការរៀបចំប្រព័ន្ធបញ្ជូនទឹកស្អាតចាប់ពីចំណុចផ្សារអង្គ្រង តាមបណ្តោយផ្លូវជាតិលេខ៦៦ ចូលដល់ទីតាំងតំបន់អភិវឌ្ឍន៍រុនតាឯកប្រវែង ១៧គីឡូម៉ែត្រ កំពុងត្រូវបានរៀបចំដំណើរការ។
សាងសង់បង្គោលអង់តែនទូរស័ព្ទចំនួន ៥បង្គោល ក្នុងនោះ ២បង្គោល គ្រោងនឹងបញ្ចប់ការសាងសង់នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និង៣បង្គោលទៀត គ្រោងសាងសង់ជាបន្តបន្ទាប់។
ការរៀបចំតបណ្តាញអគ្គិសនីជំហានទី១ នៅក្នុងតំបន់១ និងតំបន់២នៃតំបន់អភិវឌ្ឍន៍រុនតាឯក សម្រេចបានប្រមាណ ៥ភាគរយ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបណ្តុះបណ្តាលផ្នែកកសិកម្ម និងចែកកូនមាន់ កូនទា កូនត្រី និងពូជបន្លែជូនប្រជាពលរដ្ឋផងដែរ។
ប្រជាពលរដ្ឋ បានសម្តែងក្តីអំណររីករាយជាពន់ពេកចំពោះការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំភូមិឋាន និងបង្កភាពងាយស្រួលសម្រាប់ការរស់នៅដល់ពួកគេ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានចាប់ដីឡូតិ៍រួចរាល់នោះ បានចាប់ផ្តើមចុះមករៀបចំដីសាងសង់ផ្ទះ និងដាំដុះដំណាំផ្សេងៗនៅលើដីរបស់ពួកគេហើយ។ ប្រជាពលរដ្ឋសុទ្ធតែបានបង្ហាញការពេញចិត្តសម្រាប់ការមករស់នៅភូមិរុនតាឯក ព្រោះពួកគេបានដីកម្មសិទ្ធិស្របច្បាប់តកូនចៅ ហើយអាចរៀបចំការសាងសង់ផ្ទះតាមចិត្តប្រាថ្នា។ ខុសឆ្ងាយពីការរស់នៅតំបន់រមណីយដ្ឋានអង្គរ ដែលមិនមានសិទ្ធិកាន់កាប់ដី ហើយក៏មិនអាចចាត់ចែងសង់ផ្ទះតាមបំណងរបស់ពួកគេនោះដែរ។
សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តមករស់នៅភូមិរុនតាឯក កាលពីដើមខែកញ្ញា បានបង្ហាញការប្តេជ្ញាចិត្តប្រែក្លាយភូមិរុនតាឯកពីតំបន់ព្រៃទៅជាតំបន់អភិវឌ្ឍន៍ និងមានបំណងធ្វើឱ្យភូមិរុនតាឯកទៅជាកូនក្រុងថែមទៀតផង៕