(ភ្នំពេញ)៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ បើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីគុយបា ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទើបតែបានបំពេញទស្សនកិច្ចនៅគុយបាកាលពីពេលថ្មីៗនេះ។
* លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ជានរណា?
លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស កើតនៅឆ្នាំ១៩៦៣។ លោកបានចាប់ផ្ដើមអាជីពនយោបាយ នៅក្នុងជួររដ្ឋាភិបាលគុយបា នៅឆ្នាំ១៩៩៩ ក្នុងនាមជាអនុប្រធានក្រុមហ៊ុនសម្ព័ន្ធ ដ៏មានឥទ្ធិពលមួយមានឈ្មោះថា Gaviota Hotel Group ដែលជាកម្មសិទ្ធិរបស់កងកម្លាំងគុយបា និងក្ដោបក្ដាប់វិស័យសណ្ឋាគារនៅគុយបា។ មួយឆ្នាំក្រោយមក ទើបលោក ម៉ារ៉េរ៉ូ គ្រុស ក្លាយជាប្រធានក្រុមហ៊ុនសម្ព័ន្ធមួយនេះ ហើយបន្តកាន់តំណែងរហូតដល់ឆ្នាំ២០០៤។
នៅឆ្នាំ២០០៤ លោក ម៉ារ៉េរ៉ូ គ្រុស ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍គុយបា នៅក្រោមការដឹកនាំនៃរដ្ឋាភិបាលរបស់អតីតមេដឹកនាំគុយបា លោក ហ្វីដែល កាស្ត្រូ (Fidel Castro) និងរដ្ឋាភិបាលលោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro) ហើយបន្តរហូតដល់រដ្ឋាភិបាល នៃប្រធានាធិបតីគុយបាសព្វថ្ងៃ គឺលោក មីហ្គែល ឌីអាស កាណែល (Miguel Diaz-Canel)។ នៅក្រោមការដឹកនាំរបស់លោក ម៉ារ៉េរ៉ូ គ្រុស វិស័យទេសចរណ៍គុយបា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ទោះជាបីជាគុយបាស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។
ដោយសារតែភាពជោគជ័យនេះឯង លោក ឌីអាស កាណែល បានសម្រេចតែងតាំងលោក ម៉ារ៉េរ៉ូ គ្រុស ជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នៅឆ្នាំ២០១៩ ធ្វើឱ្យលោកជាក្លាយជាមនុស្សដំបូងបំផុតដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ១៩៧៦មក បន្ទាប់ពីលោក ហ្វីដែល កាស្ត្រូ។ ពោលគឺលោក ហ្វីដែល កាស្ត្រូគឺជា នាយករដ្ឋមន្ត្រីគុយបាចុងក្រោយគេបង្អស់ ដោយលោកបានកាន់តំណែងនេះពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៧៦ ជាពេលដែលលោកសម្រេចចិត្តលុបចោលតំណែងនាយករដ្ឋមន្ត្រី នៅក្នុងប្រទេស។
* ប្រវត្តិសង្ខេបរបស់គុយបា
គុយបា គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់សមុទ្រការ៉ាបៀន (Caribbean) ដោយមានព្រំដែនសមុទ្រជាប់ប្រទេស បាហាម៉ាស់ ហៃទី ហុងឌូរ៉ាស់ ចាម៉ៃកា ម៉ិកស៉ិក និងឆ្នេរសមុទ្ររដ្ឋផ្ល័រីដារបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីការដួលរលំនៃរបបដឹកនាំផ្ដាច់ការរបស់លោក ហ្វូលហ្គិនស្យូ ប៉ាទីស្ដា (Fulgencio Batista) គាំទ្រដោយសហរដ្ឋអាមេរិក នៅឆ្នាំ១៩៥៩មក គុយបាបានក្លាយជាប្រទេសកុម្មុយនិស្ដតែមួយគត់ដែល ស្ថិតនៅក្បែររបងផ្ទះអាមេរិក។
គុយបា មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងប្រព័ន្ធអប់រំ និងសុខាភិបាល។ ប៉ុន្តែ មានបញ្ហាសេដ្ឋកិច្ច ដោយសារទណ្ឌកម្មអាមេរិក។ ខាងក្រោមនេះគឺជា ប្រវត្តិរូបសង្ខេបរបស់គុយបា៖
* គុយបាមានឈ្មោះផ្លូវការថា៖ សាធារណរដ្ឋគុយបា
* មានរដ្ឋធានី៖ ឡាហាវ៉ាន
* មានប្រជាជនសរុប៖ ១១.៥លាននាក់
* មានផ្ទៃដី៖ ១១០,៨៦០គីឡូម៉ែត្រក្រឡា
* ប្រើប្រាស់ភាសាអេស្ប៉ាញ
* សាសនាគ្រឹស្តជាសាសនាធំជាងគេនៅក្នុងប្រទេស
* អត្រាសង្ឃឹមរស់របស់ប្រជាជន៖ មនុស្សប្រុស៧៨ឆ្នាំ និងមនុស្សស្រី ៨២ឆ្នាំ
* រិបិយបណ្ណគឺ គុយបាប៉េសូ
* ជាសមាជិកអង្គការសហប្រជាជាតិ និងធនាគារពិភពលោក
* GDP ប្រជាជនក្នុងម្នាក់៖ ៩,៤៧៨ដុល្លារក្នុងមួយឆ្នាំ
* ប្រធានាធិបតីសព្វថ្ងៃ គឺលោក មីហ្គុយអែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel)
លោក Miguel Diaz-Canel បានក្លាយជាប្រធានាធិបតីគុយបា កាលពីខែមេសា ឆ្នាំ២០១៨ ក្រោយការកាន់អំណាចរាប់សិបឆ្នាំនៃគ្រួសារត្រកូលលោក កាស្ត្រូ។ លោក Diaz-Canel មានអាយុ ៥៧ឆ្នាំ បានឡើងស្បថចូលកាន់តំណែងបន្តពីលោក រ៉ាអ៊ូល កាស្រ្តូ ដែលជាប្អូនប្រុសរបស់អតីតមេដឹកនាំគុយបា លោក ហ្វីឌែល កាស្ត្រូ។
លោក Diaz-Canel គឺជាអតីតវិស្វករម្នាក់ដែលបានចាប់កំណើត ក្រោយបដិវត្តន៍ដែលនាំលោក ហ្វីឌែល កាស្ត្រូ ឡើងកាន់អំណាចនៅគុយបា។
* ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់គុយបា៖
- ឆ្នាំ១៨៩៨៖ គុយបា បានចុះញ៉មជាមួយសហរដ្ឋអាមេរិក ដែលបានបំបាក់អេស្ប៉ាញនៅក្នុងសង្រ្គាម
- ឆ្នាំ១៩០២៖ គុយបាក្លាយរដ្ឋឯករាជ្យ ក្រោមអាណាព្យាបាលរបស់សហរដ្ឋអាមេរិក
- ឆ្នាំ១៩៣៣៖ លោក Fulgencio Batista បានឡើងកាន់អំណាចនៅគុយបា តាមរយៈការធ្វើរដ្ឋប្រហារ
- ឆ្នាំ១៩៥៩៖ លោក ហ្វីឌែល កាស្ត្រូ ដឹកនាំកងទ័ពវាយលុកចូលរដ្ឋធានីឡាហាវ៉ាន ដោយបង្ខំឱ្យលោក បាទីស្ដា រត់ភៀសខ្លួន
- ឆ្នាំ១៩៦១៖ សហរដ្ឋអាមេរិក ផ្ដាច់ទំនាក់ទំនងការទូតជាមួយគុយបា និងដាក់ទណ្ឌកម្មសេដ្ឋកិច្ច
- ឆ្នាំ១៩៦១៖ កងទ័ពគុយបានៅក្រៅប្រទេសដែលគាំទ្រដោយសហរដ្ឋអាមេរិក បានព្យាយាមឈ្លានពានគុយបា តាមឆ្នេរសមុទ្រ Bay of Pigs, តែបានបរាជ័យ
- ឆ្នាំ១៩៦២៖ គុយបាអនុញ្ញាតឱ្យរុស្ស៉ី ដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន បង្កឱ្យមានវិបត្តិមីស៊ីលគុយបា
- ឆ្នាំ២០០៦៖ លោក ហ្វីឌែល កាស្ត្រូ បានប្រគល់អំណាចបណ្ដោះអាសន្នឱ្យប្អូនប្រុស គឺលោក រ៉ាអ៊ូល កាស្ត្រូ
- ឆ្នាំ២០០៨៖ លោក រ៉ាអ៊ូល កាស្ត្រូ ឡើងកាន់តំណែងជាប្រធានាធិបតីគុយបា ជំនួសបងប្រុស
- ឆ្នាំ២០១៦៖ លោក ហ្វីឌែល កាស្ត្រូ ទទួលមរណភាពនៅអាយុ ៩០ឆ្នាំ
- ឆ្នាំ២០១៨ លោក Miguel Diaz-Canel ក្លាយជាប្រធានាធិបតីគុយបា៕