(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ ក្រុមការងារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្រុមចលនាយុវជនរបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) មកពីតាមសហជីពនានាក្នុងរាជធានីភ្នំពេញ មានចំនួនរាប់ពាន់នាក់ នឹងប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាសប្តាហ៍ក្រោយនេះ។
មុននឹងឈានដល់ការប្រកាសបញ្ចូលសមាជិក សមាជិកមកពីសហជីពមាននិន្នាការគាំទ្រអតីតគណបក្សប្រឆាំងនេះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ លោក យូ សិរីវុឌ្ឍ, លោក ភឺន ផល្លា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីបណ្ឌិត ហង្ស បុរី បានឆ្លៀតជួបសំណេះសំណាលជាមួយតំណាងរបស់ពួកគេប្រមាណជា ៤២នាក់។
ក្រុមយុវជនទាំងអស់នេះ គឺសុទ្ធសឹងអ្នកធ្លាប់ចាញ់បោកមនោគមន៍វិជ្ជាខ្មៅងងឹតរបស់ទណ្ឌិត សម រង្ស៉ី បង្កចលាចោលនៅតាមបណ្តោយផ្លូវវ៉េងស្រេងកាលពីឆ្នាំ២០១៤។
តំណាងចលនាយុវជនដែលធ្លាប់តែគាំទ្រអតីតប្រក្សប្រឆាំង គាំទ្រទណ្ឌិត សម រង្ស៉ី បានប្រកាសបង្ហាញការស្អប់ខ្ពើមចំពោះនយោបាយទណ្ឌិតក្រៅច្បាប់ ពាក់ព័ន្ធការសាបព្រោះនយោបាយក្បត់ជាតិ និងការបំផុសបំផុលឱ្យប្រជាពលរដ្ឋបង្កចលាចលនៅក្នុងស្រុក។
តំណាងចលនាយុវជនមកពីតាមតាមរោងចក្រ សហគ្រាសនានាក្នុងរាជធានីភ្នំពេញ ប្រកាសប្រឆាំងដាច់ខាតចំពោះមនោគមន៍វិជ្ជានយោបាយជ្រុលនិយម ហើយនាំឱ្យមានការស្អប់ខ្ពើមនៅក្នុងសង្គមខ្មែរ ហើយមិនដែលបានសាងនូវគុណសម្បត្តិសម្រាប់ជាតិនោះឡើយ។
លោក យូ សិរីវុឌ្ឍ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់មេចលនាយុវជនមកពីតាមសហជីពនានា។ លោក យូ សិរីវុឌ្ឍ បានថ្លែងថា ការសម្រេចចិត្តរបស់ពួកគេ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត។
លោក យូ សិរីវុឌ្ឍ បានចាត់ទុកការសម្រេចចិត្តនោះ គឺជាការភ្ញាក់រលឹកដើរចេញពីមនោគមន៍វិជ្ជានយោបាយមួយដែលមិនត្រឹមត្រូវ ហើយឆ្ពោះមករួមរស់ជាមួយបក្សនយោបាយ ដែលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវក្នុងការកសាងជាតិ។
លោក យូ សិរីវុឌ្ឍ បានណែនាំដល់អតីតថ្នាក់ដឹកនាំបក្សប្រឆាំងប្រឹងកៀរគរសមាជិកមករួមរស់ជាមួយគបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយមានគុណតម្លៃខ្ពស់បំផុតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្រុមយុវជនដែលស្ម័គ្រចិត្តចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៣ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត៕