(កំពង់ធំ)៖ អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរស្រលាញ់ជាតិ សរុបចំនួន២៧នាក់ សុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានប្រកាសទទួលស្គាល់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ។
លោក យូ សិរីវុឌ្ឍ ក្រុមការងារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់អតីតថ្នាក់ដឹកនាំ និងសមាជិគណបក្សប្រឆាំងនៅពេលនេះ បានឲ្យដឹងថា សកម្មជនបក្សប្រឆាំងទាំង២៧នាក់នេះ មកពីស្រុកស្ទោង ស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់។
ជាមួយគ្នានេះ លោក ភឺន ផល្លា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ដែរថា អតីតថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំងទាំង២៧នាក់ រួមមាន មកពីអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៥នាក់ និងគណបក្សខ្មែរស្រលាញ់ជាតិ ចំនួន២នាក់។
ក្នុងឱកាសនោះ លោក យូ សិរីវុឌ្ឍ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានអតីតសកម្មជនអតីតគណបក្សប្រឆាំង ដែលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងចាត់ទុកថា ការសម្រេចចិត្តរបស់ពួកគេ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត។
លោក យូ សិរីវុឌ្ឍ បានចាត់ទុកការសម្រេចចិត្តនោះ គឺជាការភ្ញាក់រលឹកដើរចេញពីមនោគមន៍វិជ្ជានយោបាយមួយដែលមិនត្រឹមត្រូវ ហើយឆ្ពោះមករួមរស់ជាមួយបក្សនយោបាយ ដែលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវក្នុងការកសាងជាតិ។ លោកបានណែនាំដល់អតីតថ្នាក់ដឹកនាំបក្សប្រឆាំងប្រឹងកៀរគរសមាជិកមករួមរស់ជាមួយគបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយមានគុណតម្លៃខ្ពស់បំផុតសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕