(ភ្នំពេញ)៖ អតីតតំណាងរាស្ត្រ និងថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ ៤រូប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះ ទណ្ឌិត សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ។
តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ អតីតតំណាងរាស្ត្រ និងថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ បានលើកឡើងថា «យើងខ្ញុំ ជាអតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ សោកស្តាយចំពោះបុគ្គល សម រង្ស៊ី ដែលតែងតែបានប្រមាថ និងប្រមាថ សារជាថ្មីដល់អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា»។
បុគ្គលសំខាន់ទាំងបួនរូបនេះ បានបន្តថា «ការថ្លែងការណ៍ចោទអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងថា “ព្រះមហាក្សត្រជាជនក្បត់ជាតិ របស់បុគ្គល សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរសារជាថ្មីម្តងទៀត ដែលមិនអាចលើកលែងតទៅទៀត បានឡើយ ដោយរំលោភទៅលើមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “. អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ”» ។
អតីតអ្នកតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល ធ្លាប់ជាសហការីបុគ្គល សម រង្ស៊ី ក៏បានអំពាវនាវដល់សមាជិកក្រុមប្រឆាំង ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសដែលកំពុងត្រូវបានតុលាការ ចោលប្រកាន់ដោយសារការគាំទ្រទង្វើខុសច្បាប់របស់បុគ្គលសម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងទាល់ច្រក អស់ផ្លូវ និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សកម្មជនគណបក្សប្រឆាំងនៅក្នុងស្រុក សូមចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សកម្ពុជា ដើម្បីចូលរួមធានាការពាររាជានិយមរាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឯកភាព សន្តិភាពនៃទឹកដីដ៏បរវរបស់យើង៕