(កំពង់ធំ)៖ រដ្ឋបាលសាលាខេត្តកំពង់ធំ បានរៀបចំពិធីអបអរសាទរខួបលើកទី១៨ នៃការយាងឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ពិធីនេះមានការចូលរួមពីអភិបាលរងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ជាច្រើនរូបផងដែរ។

ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ, លោក ងួន រតនៈ តាងនាមឲ្យថ្នាក់ដឹកនាំមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត បានធ្វើអភិវន្ទនកិច្ចថ្វាយព្រះពរបវរមហាប្រសើរនិងលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពបរិបូរ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ព្រះជាម្លប់ពោធិសម្ភារសម្រាប់អាណា ប្រជារាស្ត្រខ្មែរ គ្រប់រូប និងសូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ តរៀងទៅ។

សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួបលើកទី១៨ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រសូត្រនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។

ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតាក្រោយពេលដែលព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕