(ស្វាយរៀង)៖ អនុប្រធាន និងសមាជិកគណបក្សភ្លើងទៀនក្រុងបាវិត ខេត្តស្វាយរៀង សរុប ៤រូប បានសម្រេចចិត្តផ្លាស់ប្តូរជីវភាពនយោបាយ ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេមើលឃើញថា គណបក្សប្រជាជនកម្ពុជា មានគុណសម្បត្តិមហាសាលក្នុងការអភិវឌ្ឍសង្គមជាតិ។
អនុប្រធាន និងសមាជិកគណបក្សភ្លើងទៀនក្រុងបាវិត ដែលបានសម្រេចផ្លាស់ប្តូរជីវភាពនយោបាយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារួមមាន៖ លោក យិន វ៉ាន់ឌឿន អនុប្រធាន, លោក យិន វណ្ណឌី សមាជិក, លោក ឡឹក យ៉េន សមាជិក និងលោក សួស សុភ័ក្រ សមាជិក។
ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកថ្មីមកពីគណបក្សភ្លើងទៀន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ខេត្តស្វាយរៀង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង៤រូប ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបន្តថា ការសម្រេចចិត្តនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ។
លោក អ៊ុយ ថន ប្រធានគណៈប្រចាំការគណបក្សខេត្ត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ពន្ធរឹងមាំគ្រប់លំដាប់ថ្នាក់។ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ប្រកបដោយភាពជឿជាក់ បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ។
ក្នុងឱកាសនោះ លោក អ៊ុយ ថន បានណែនាំសមាជិកបក្សដែលទើបតែបញ្ចូលថ្មីត្រូវគាំទ្រប្ដូរផ្ដាច់ និងកៀរគរមិត្តភក្តិបងប្អូនឱ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត គឺពង្រឹងចាស់ ពង្រីកថ្មី ដើម្បីឈានយកជ័យជម្នះលើការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ដែលឈានចូលមកដល់នាពេលខាងមុខនេះ។
លោក អ៊ុយ ថន ក៏បានលើកឡើងអំពីការអភិវឌ្ឍនៅខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិតក្រោមម្លប់សុខសន្តិភាពនាពេលបច្ចុប្បន្ន។ ជាពិសេសទាក់ទាញបានការវិនិយោគយ៉ាងច្រើន បង្កើតជារោងចក្រសហគ្រាសផ្តល់ការងារជូនកម្មករ-កម្មការិនីរាប់ម៉ឺននាក់ ដោយមិនចាំបាច់ចំណាកស្រុក។ នៅពេលខាងមុខ នឹងមានរោងចក្របង្កើតថ្មីជាច្រើនថែមទៀត៕