(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា នៅក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីទាំងពីរបានចែករំលែកសេចក្តីសោមន្សរីករាយក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-អូស្ដ្រាលី។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅ និងបានកត់សម្គាល់ដោយក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការរុករករ៉ែមាសផងដែរ។ ទន្ទឹមនឹងការសាទរចំពោះអភិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា លោក Anthony Albanese ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្ដាលី សម្រាប់ការរួមចំណែកដល់ដំណើរការកសាងសន្តិភាព និងការបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា តាមរយៈការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យផ្សេងៗ រួមមាន អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនប្រមាណ ជិត ៣លានដូស និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត យ៉ាងទាន់ពេលវេលា។ សម្តេចតេជោ បានស្នើដល់អូស្ត្រាលីឲ្យបន្តផ្តល់ជំនួយលើការបោសសំអាតមីន ដើម្បីជួយកម្ពុជាសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»

ក្នុងក្របខ័ណ្ឌអាស៊ាន ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ចំពោះវឌ្ឍនភាព នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រាយរវាងអាស៊ាន-អូស្ត្រាលី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអូស្រ្ដាលី ដែលបានគាំទ្រភាពជាប្រធានអាស៊ាននៅឆ្នាំ២០២២របស់កម្ពុជា។

នាយករដ្ឋមន្ត្រី Albanese បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវឲ្យដោះលែងសាស្ត្រាចារ្យសញ្ជាតិអូស្ត្រាលី Sean Turnell ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក Anthony Albanese ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀតដែលជាកង្វល់រួមផងដែរ៕