(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់នូវទស្សនៈ និងចំណុចគន្លឹះចំនួន៤ចំណុចសំខាន់ៗ ដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជា និងសម្រាប់ត្រៀមខ្លួនក្នុងការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ការដាក់ចេញនូវចំណុចគន្លឹះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ទស្សនៈ និងចំណុចគន្លឹះចំនួន៤ ដែលបានផ្ដល់ដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រីនោះ មានដូចខាងក្រោម៖

*ទី១៖ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់ សូមគោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំដើម្បីលើកកម្ពស់យុត្តិធម៌ ក្នុងការប្រកួត សេចក្តីថ្លៃថ្នូរ និង ក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថា កីឡាមានស្តង់ដារបទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅ នឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ។

*ទី២៖ ខ្ញុំសូមអំពាវនាវឲ្យបន្តចូលចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពី «ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខ យ៉ាងតិចប្រចាំជីវិត» «ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា» «រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារ-កិច្ចល្អ» «នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន» និង «កីឡារស់នៅក្នុងសន្តិភាព»

*ទី៣៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឲ្យកាន់តែច្រើន ដើម្បីបង្កើនការលើកកម្ពស់ វិស័យកីឡាកម្ពុជា និងបង្កើនការផ្សាភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចដោយហេតុថា កីឡាត្រូវបានចាត់ទុកជា ប្រភេទទេសចរណ៍បៃតង និងទទួលស្គាល់ថា ជាការទូតដ៏មានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គមជាតិ។

*ទី៤៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការការបណ្ដុះបណ្ដាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជា ឲ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឲ្យអត្តពលិកកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាអន្តរជាតិនានានៅថ្ងៃអនាគត៕