(មណ្ឌលគិរី)៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ វិស័យឯកជន និងក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរដែនដីខេត្តមណ្ឌលគីរី

រៀបចំកម្មវិធីបញ្ជ្រៀបចំណេះដឹងស្ដីពីបរិស្ថានដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី និងថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្ត និងសិស្សានុសិស្សប្រមាណ ១០០នាក់។

មានមតិស្វាគមន៍នាឱកាសនោះ លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងពិតជាមានមោទនភាពដែលក្រសួងបរិស្ថាន បានជ្រើសរើសខេត្តមណ្ឌលគិរីជាទីកន្លែងសម្រាប់ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ដ៏មានសារៈប្រយោជន៍នេះ។ ក្នុងថ្ងៃនេះ ក្រសួងបរិស្ថានក៏បានបង្កើតជាកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថានបន្ថែមជាមួយនឹងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជាការពញ្ញាក់ស្មារតីក្នុងការត្រៀមខ្លួន និងការចូលរួមអនុវត្តនូវអនាម័យបរិស្ថាន ការគ្រប់គ្រងធនធានជីវៈចម្រុះឱ្យកាន់តែប្រសើរឡើង។

អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) បានវាយតម្លៃខ្ពស់ដែលក្រសួងបរិស្ថានបានរៀបចំឱ្យមានកម្មវិធី​ផ្សព្វផ្សាយចំណេះដឹង​ស្ដីពីបរិស្ថាន ជូនប្អូនៗជាសិស្សានុសិស្ស អមដោយសំណួរ-ចម្លើយ ស្ដីពីចំណេះដឹងបរិស្ថានដើម្បីទទួលបានរង្វាន់ ការដាំដើមឈើ និងសកម្មភាពបរិស្ថានផ្សេងទៀត ដើម្បីជាការបំផុសស្មារតី និងជំរុញដល់ការផ្លាស់ប្ដូរឥរិយាបទ ផ្តើមចេញពីយើងម្នាក់ៗ ឱ្យចេះស្រឡាញ់ ថែរក្សានិងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការចាប់ផ្តើម ធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដើម្បីសោភ័ណភាពសាលាយើង សហគមន៍យើង និងមាតុភូមិយើងស្អាត និងបៃតង។ គួរបញ្ជាក់ថា ការងារជាអាទិភាពរបស់វីតាល់ ក្រៅពីផ្តល់ជូននូវទឹកពិសា ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យ ការចូលរួមសកម្មភាពសង្គម វីតាល់បានចូលរួមចំណែកការងារសង្គម មានមូលដ្ឋានផ្តោតលើវិស័យជាអាទិភាព រួមមាន៖ ការអប់រំ, បរិស្ថាន, សុខភាពនិងកីឡា, វប្បធម៌, និងសង្គម តាមរយៈ មូលនិធិ២៥៛ វីតាល់។

លោក គង់ សៀកលី អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានលើកឡើងថា ក្នុងក្របខណ្ឌនៃការរៀបចំទិវាអនាម័យ២៣វិច្ឆិកា ក្រសួងបរិស្ថានតែងរៀបចំនូវកម្មវិធីបរិស្ថាន លើកកម្ពស់ចំណេះដឹងបរិស្ថាន ជូនដល់ប្អូនៗសិស្សានុសិស្ស តាមរយៈសកម្មភាព និងផ្សព្វផ្សាយ ការអនុវត្តគោលការណ៍ ៣អ៊ែរ (3Rs)គឺ៖ កាត់បន្ថយការប្រើប្រាស់(Reduce) ប្រើប្រាស់ឡើងវិញ(Reuse) និងកែច្នៃឡើងវិញ(Recycle) ក្នុងការកាត់បន្ថយសំណល់ និងធ្វើការទុកដាក់ និងបែងចែកសំណល់ឱ្យបានត្រឹមត្រូវក្នុងធុងសំរាម៕