(ភ្នំពេញ)៖ លោកបណ្ឌិត យ៉ង សាំង កុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
នេះបើយោងតាមលិខិតស្នើសុំ ដែលលោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយនេះ លោកបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ពីមូលហេតុដែលនាំឱ្យលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ។ ក្នុងនោះមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។
«ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យ៉ង សាំង កុមារ នៅក្នុងស្នើសុំចូលរួមជីវភាពនយោបាយនោះ។
ក្រៅតែពីការធ្វើលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរពជូនសម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ។
សូមបញ្ជាក់ថា លោក យ៉ង សាំង កុមារ គឺជាអ្នកជំនាញកសិកម្មមួយរូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់។ តាមរយៈតួនាទីជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាននាពេលកន្លងមក លោកតែងចូលរួមបញ្ចេញទស្សនៈនានាលើវិស័យកសិកម្ម ហើយលោកផ្ទាល់ក៏មានបង្កើតសមាគមចែករំលែកចំណេះជំនាញ និងអភិវឌ្ឍន៍លើវិស័យកសិកម្មនេះផងដែរ។
ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពីសំណាក់លោក យ៉ង សាំង កុមារ គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ក្នុងឆាកនយោបាយ។ ការស្នើសុំនេះ បានស្តែងឱ្យឃើញថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ គឺតែងតែផ្តល់ឱកាសដល់អ្នកនយោបាយ និងអ្នកមានចំណេះជំនាញនៅកម្ពុជា ចូលរួមធ្វើសកម្មភាព ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនតាមចំណេះជំនាញរបស់ពួកគេ៕