(កំពង់ឆ្នាំង)៖ សមាគមថ្នាលយុវជនកម្ពុជា (ស.យ.ក) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រារព្ធពិធីប្រកាសថ្នាក់ដឹកនាំតាមបណ្តាស្រុក ក្រុងទាំង៨ របស់សាខាខេត្ត និងពិធីបញ្ចូលសមាជិកថ្មីដែលបានអញ្ជើញមកពីតាមបណ្ដាគណបក្សផ្សេងៗ ភាគច្រើនអញ្ជើញមកពីគណបក្សភ្លើងទាន ដែលបានមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈសមាគមថ្នាលយុវជនកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង ក្រោមអធិបតីភាព លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា ស្នាក់ការកណ្ដាល។
ថ្លែងក្នុងឱកាសនោះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងជាប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង បានថ្លែងទៅកាន់សមាជិកសមាជិកាសមាគមថ្នាលយុវជនកម្ពុជា ប្រមាណជាជាង២០០នាក់ ដែលបានអញ្ជើញមកចូលរួមថា សមាគមថ្នាលយុវជនកម្ពុជា បង្កើតឡើងក្នុងពហុបំណងគឺចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌និងសង្គម ចូលរួមថែរក្សាសុខសន្តិភាព ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពដែលមានការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងពិធីនោះដែរ លោកប្រធានប្រតិបត្តិខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំសាខា សមាគមថ្នាលយុវជនកម្ពុជា តាមបណ្ដាស្រុកក្រុងទាំង៨ក្នុងការចុះបំពេញការងារ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ពិសេសត្រូវធ្វើការសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋានដែលក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា ចុះបំពេញភារកិច្ចក្មុងមូលដ្ឋាននោះ។ លោកក៏បានបញ្ជាក់ផងដែរថា ចំពោះការងារមនុស្សធម៌និងការងារសង្គមខ្លះ គឺជាទិសដៅរួមគ្នាជាមួយនឹងអាជ្ញាធរ ហេតុនេះត្រូវតែមានការសហការគ្នាឲ្យបានល្អ ទើបដំណើរការទទួលបានជោគជ័យ។
លោកប្រធានប្រតិបត្តិខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍អំពីសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជាក្នុងឆ្នាំ២០២២កន្លងមក និងលើកទិសដៅបន្តទៀត ពិសេសគឺត្រូវចាប់ផ្ដើមអនុវត្តការងារសំខាន់ៗនិងជាចាំបាច់ជាច្រើនដោយចាប់ពីពេលនេះទៅ រហូតដល់ថ្ងៃបោះឆ្នោតសាកលឆ្នាំ២០២៣ ដើម្បីគណបក្សប្រជាជន ឈានទៅទទួលបានជោគជ័យជាបន្តទៀត។
លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា ស្នាក់ការកណ្ដាល ក៏បានកោតសរសើរចំពោះសមាជិក សមាជិកា ទាំងអស់ទូទាំងខេត្តកំពង់ឆ្នាំងដែលរួមសហការគ្នា និងធ្វើសកម្មភាពមនុស្សធម៌ជូនសង្គមជាតិមាតុភូមិ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកជាមួយអាជ្ញាធរមូលដ្ឋានក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោកបានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងការរីកចម្រើន ហើយប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព ក៏ដោយសារតែការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលយើងបច្ចុប្បន្ន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខផងដែរ។
លោកក៏បានលើកឡើងទៀតថា ចំពោះលើឆាកអន្តរជាតិវិញ ថ្មីៗនេះកម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ដ៏ធំធេងមួយទៀត ដែលកម្ពុជាអ្នកទទួលរៀបចំកិច្ចប្រជុំអាស៊ាន ដោយកម្ពុជាទទួលភារៈជាប្រធានក្នុងនោះមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានប្ដូរវេន កិច្ចប្រជុំកំពូលអាស៊ាននេះមានថ្នាក់ដឹកនាំក្នុងពិភពលោកជាច្រើនប្រទេស អញ្ជើញមកស្នាក់នៅក្នុងទីក្រុងភ្នំពេញដើម្បីចូលរួមប្រជុំ គឺប្រកបដោយសុខសុវត្ថិភាព ទាំងការស្នាក់នៅទាំងការធ្វើដំណើរ៕