(ពោធិ៍សាត់)៖ វិលរកទ្រនំចាស់ អស់រយៈពេល២-៣ ខែកន្លងមកហើយ ដែលសាធារណជនក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ បានស្រងាកចិត្ត នឹកស្តាយស្រណោះ ដល់ហ្វូងសត្វស្លាបចម្រុះជាច្រើនប្រភេទ រាប់ម៉ឺនសែនក្បាល ដែលពុំឃើញវត្តមានពួកវា នៅបឹងព្រះពន្លៃ ភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដូចឆ្នាំមុនៗ ជាពិសេស មុនពេល និងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។
ប៉ុន្តែថ្មីៗនេះ លោក នូវ ភឿន មេភូមិផ្ទះរុង និងជាមន្រ្តីកិច្ចសន្យា មន្ទីរទេសចរណ៍ខេត្ត បានមានប្រសាសន៍ថា (នៅចុងខែតុលា និងដើមខែវិច្ឆិកា) រូបលោកបានឃើញពពួកសត្វស្លាបទាំងនោះ វិលត្រឡប់មកកាន់ទ្រនំចាស់របស់វាវិញ ជាបណ្តើៗហើយ មានប្រមាណជាង៣ម៉ឺនក្បាល នៅលើផ្ទៃដីជិត៣ហិកតា តែភាគច្រើន វាបន្លាស់ទីប្រហែលជា១គីឡូម៉ែត្រ ពីផ្ទៃបឹងព្រះពន្លៃ។
ប្រសិនបើភ្ញៀវទេសចរ ចង់គយគន់កម្សាន្តនោះ គឺចាប់ពីម៉ោង១៧ ដល់ម៉ោង១៨ល្ងាច ហើយវាហើរចេញ នៅម៉ោង៦ព្រឹក។ ម្យ៉ាងទៀត លោកបានបញ្ជាក់ផងដែរថា តាមទម្លាប់ជាច្រើនឆ្នាំកន្លងមក រយៈពេលដែលសត្វស្លាបទាំងនេះ មករស់នៅច្រើនកុះករនោះ គឺចាប់ពីខែសីហា ឆ្នាំចាស់ រហូតដល់ខែមករា ឆ្នាំថ្មី ជារៀងរាល់ឆ្នាំ (វាទើបតែប្រែប្រួល យឺតយ៉ាវក្នុងឆ្នាំនេះ)។
ពាក់ព័ន្ធទៅនឹងបម្រែបម្រួល ក៏ដូចជាភាពយឺតយ៉ាវ នៃការមកដល់របស់សត្វស្លាបទាំងនោះ លោកបញ្ជាក់ថា មកពីកត្តាមនុស្សតាមប្រមាញ់ និងកត្តាកំណើនសត្វល្មូនមួយចំនួន ចាប់សត្វស្លាបជាអាហារ។ ប៉ុន្តែករណីនេះ គណៈកម្មការសហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានសហការប្រឹងប្រែង និងយកចិត្តទុកដាក់ ចុះយាមល្បាត និងចុះបង្ក្រាបពួកជនល្មើសជាញឹកញាប់ ព្រមទាំងបានកោះហៅអ្នកប្រព្រឹត្តិ យកមកអប់រំណែនាំទៀតផង ប៉ុន្តែនៅតែមានឆកល្វែងខ្លះ និងពុំទាន់មានប្រសិទ្ធិភាព១០០%នៅឡើយទេ។
តែទោះបីជាយ៉ាងណា ក៏គណៈកម្មការ នៅតែប្តេជ្ញាចិត្តសហការជាមួយអាជ្ញាធរ ឃុំ ស្រុក ក៏ដូចជាជំនាញពាក់ព័ន្ធ ដើម្បីបន្តចុះបង្ក្រាបបទល្មើសផ្សេងៗ មានដូចជា៖ ការបរបាញ់សត្វ ការយកស៊ុតសត្វ និងការនេសាទខុសច្បាប់ក្នុងបឹងជាដើម។
ម្យ៉ាងវិញទៀត លោក នូវ ភឿន បានបញ្ជាក់ថា លោកបានលើកគម្រោងស្នើសុំផ្លូវចំនួន០២ខ្សែ ទៅថ្នាក់លើ ដែលផ្លូវនោះ ផ្តល់នូវផលប្រយោជន៍ចំនួន២ គឺ៖ ទី១-សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងធ្វើដំណើរទៅកាន់លំនៅដ្ឋានរបស់ពួកគាត់ និងទី២-សម្រាប់ឱ្យគណៈកម្មការ ក៏ដូចជាសមត្ថកិច្ច ធ្វើដំណើរទៅការពារ និងបង្ក្រាបបទល្មើសបរបាញ់សត្វជាដើម។
ពាក់ព័ន្ធនឹងចម្ងាយផ្លូវ បើយើងធ្វើដំណើរពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ មកដល់ទីរួមខេត្តពោធិ៍សាត់ ត្រង់គីឡូម៉ែត្រលេខ១៩១ រួចបត់ទៅឆ្វេង តាមដងផ្លូវជាតិលេខ៥៥ (កាត់តាមបូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ) រហូតដល់គីឡូម៉ែត្រលេខ២៥ បត់ទៅស្តាំចម្ងាយ០៣ឬ០៤គីឡូម៉ែត្រទៀត យើងនឹងទៅដល់ជំរំសត្វស្លាបច្រើនប្រភេទ រាប់ម៉ឺនសែនក្បាលនោះជាក់ជាមិនខាន៕