(ភ្នំពេញ)៖ លោក សឿង សុធានី ឈ្មោះដើម ថាច់ ទៀង អាយុ ៤១ឆ្នាំ ជាកូនខ្មែរក្រោម បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែការមើលឃើញគុណតម្លៃបក្សកាន់អំណាចមួយនេះមានឧត្តមគតិ និងមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ពិធីប្រកាសបញ្ចូលលោក សឿង សុធានី ជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក នុត ជា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនរាជធានី និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរគណបក្សរាជធានីភ្នំពេញ។
ក្នុងពិធីប្រកាសចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជានាព្រឹកមិញនេះ លោក សឿង សុធានី បានគូសរំលេចថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបាយវាយតម្លៃថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានឧត្តមគតិត្រឹមត្រូវ និងមានបំណាច់ធំធេងចំពោះជាតិមាតុភូមិ។
ជាមួយនឹងគូសបញ្ជាក់ពីមូលហេតុនាំឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ យុវជនដែលកើតនៅលើទឹកដីខ្មែរកម្ពុជាក្រោមរូបនេះ ក៏បានប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការរក្សាសុខសន្តិភាព ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យបានប្រសើរថែមទៀត ដោយមិនគិតគូរផលប្រយោជន៍ផ្ទាល់ខ្លួន ឋានៈតួនាទីអ្វីឡើយ។
ឆ្លើយជាមួយសំណួររបស់អ្នកព័ត៌មានពីបេសកកម្មបន្តក្រោយក្លាយជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាហើយនោះ លោក សុធានី បានអះអាងថា លោកនឹងប្រឹងប្រែងពន្យល់ណែនាំដល់ប្រជាពលរដ្ឋខ្មែរក្រោមកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឱ្យបានជ្រូតជ្រាបកាន់តែច្បាស់ពីគុណបំណាច់ និងបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិមាតុភូមិ។ លោក សុធានី ក៏សង្ឃឹមដែរថា ក្នុងនាមជាសមាជិកបក្សប្រជាជនកម្ពុជាមួយរូប លោកនឹងមានឱកាសកាន់តែច្រើនក្នុងការបម្រើប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរក្រោមទាំងព្រះសង្ឃ និងគ្រហស្ថ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក សឿង សុធានី ឬ ថាច់ ទៀង បានកើតនៅភូមិភិរម្យសុខ ឃុំអូទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម។ បច្ចុប្បន្នលោករស់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក សឿង សុធានី បានឡើងមករាជធានីភ្នំពេញក្នុងអំលុងឆ្នាំ២០០០ ដើម្បីស្វែងរកវិជ្ជាក្នុងរាជធានីភ្នំពេញ។ ក្រោមកិច្ចប្រឹងប្រែងតស៊ូអំណត់ជម្នះការលំបាកទាំងឡាយក្នុងរាជធានីភ្នំពេញនោះ មកដល់ពេលបច្ចុប្បន្នលោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ ពីសាកលវិទ្យាល័យបៀលប្រាយ។
ពាក់ព័ន្ធការងារសង្គម លោក សឿង សុធានី ជាយុវជនខ្មែរក្រោមមួយរូប ដែលបានចូលរួមក្នុងសកម្មភាពជាច្រើន ដើម្បីជាប្រយោជន៍របស់ខ្មែរក្រោមទាំងព្រះសង្ឃ និងគ្រហស្ថ ដែលបាននិមន្ត និងអញ្ជើញមកសិក្សារៀនសូត្រ ក៏ដូចជារស់នៅប្រកបរបរចិញ្ចឹមជីវិតនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។
លោក សឿង សុធានី ឬ ថាច់ ទៀង ធ្លាប់បានបម្រើការងារនៅសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ហើយបច្ចុប្បន្នលោកជាសមាជិកគណៈកម្មការទ្រទ្រង់នៃសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម និងជាប្រធានគណៈកម្មការសង្គមកិច្ចនៃក្រុមប្រឹក្សាយុវជនខ្មែរក្រោមផងដែរ៕