(កំពង់ឆ្នាំង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពី មន្ត្រីទីស្នាក់ការកណ្តាល គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខា ៨ក្រុង/ស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣៦នាក់។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

លោកស្រី ប៊ន សុភី បានអានរបាយការណ៍វឌ្ឍនភាពសកម្មភាពសកម្មភាពមការងារ និងហិរញ្ញវត្ថុរយ:ពេល១១ខែ ឆ្នាំ២០២២ ដែលសាខានិងអនុសាខាក្រុងស្រុកទាំង៨ សម្រេចបានលើវិស័យអាទិភាពទាំង៤ ដែលជារួមរាល់កិច្ចការងារទាំងអស់នេះ គឺសម្រេចបានគួជាទីមោទនហើយចំណុចលេចធ្លោក្នុងឆ្នាំ២០២២នេះ សាខាសម្រេចបានលទ្ធផលនៃការកៀគររកមូលនិធិប្រសើរ និងច្រើនជាងឆ្នាំ២០២១ ការឆ្លើយតបគ្រោះមហន្តរាយបានច្រើន បើប្រៀបធៀបនិងឆ្នាំ២០២១។

របាយការណ៍បានបញ្ជាក់ទៀតថា ជាទិសដៅសាខាមានការប្តេជ្ញាចិត្ត រក្សាគោលជំហរក្នុងការប្រឹងប្រែងកៀរគរបង្កើនប្រភពចំណូលរបស់អង្គភាពតាមការបង់ប្រាក់ គូបផ្សំនឹងមេរៀនបទពិសោធន៍នៃឆ្នាំកន្លងមក បន្តជំរុញអនុវត្តរាល់សកម្មភាពវិស័យជាអាទិភាព និងឈរលើភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗសមាជិកភាព ទិវា៨ឧសភា ពង្រឹងភាពជាដៃគូរប្រកបដោយតម្លាភាព សំដៅរួមចំណែកក្នុងការឆ្លើយតបទៅជនរងគ្រោះ និងជនងាយរងគ្រោះបានចំគោលដៅនិងទាន់ពេលវេលា។

ទន្ទឹមនឹងនោះលោកស្រី ពុំ ចន្ទីនី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារមនុស្សធម៌ ដែលសាខាខេត្តនិងអនុសាខាក្រុងស្រុកទាំង៨សម្រេចបានក្នុងរយៈពេល១១ខែកន្លងមកនេះ ព្រមទាំងណែនាំឲ្យនាយកប្រតិបត្តិសាខា ត្រូវធ្វើរបាយការណ៍សង្ខេបឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយពីលទ្ធផលដែលសាខាអនុវត្តបានរួមជាមួយផែនការអនុវត្តបន្តនាឆ្នាំបន្ទាប់ ជូនគណៈកម្មាធិការសាខាជ្រាប ដើម្បីផ្តល់នូវមតិយោបល់និងតម្រង់ទិសសម្រាប់ការងារអនុវត្តបន្ត។

ជាមួយគ្នានេះលោកស្រីអគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនជូនអង្គប្រជុំមានជាអាទិ៍៖
១៖ ត្រូវបំពេញការងារស្របទៅតាមយុទ្ធសាស្ត្រ (២០២១-២០៣០) របស់កាកបាទក្រហមកម្ពុជា។
២៖ ផ្តួចផ្តើមគំនិតរកប្រភពចំណូល និងបង្កើតចំណូលចូលមូលនិធិសាខា និងអនុសាខា។
៣៖ ត្រូវធានាបានលើការគ្រប់គ្រងការងារហិរញ្ញកិច្ចរបស់សាខា ឱ្យមានគណនេយ្យភាពតម្លាភាពទៅតាមទម្រង់ការហិរញ្ញវត្ថុ។
៤៖ បន្តខិតខំប្រឹងប្រែងធ្វើការងារក្នុងស្មារតីជាក្រុម សាមគ្គីភាព ឯកភាព និងជួយគ្នាទៅវិញទៅមករវាងគណៈកម្មាធិការសាខា-ក្រុមប្រតិបត្តិសាខានិងអនុសាខា។
៥៖ បន្តការងារអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាពថ្នាក់សាខា-អនុសាខា។
៦៖ បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងខេត្ត។
៧៖ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕