(កំពង់ចាម)៖ សមាជិកគណបក្សខ្មែរស្រឡាញ់ជាតិចំនួន១៥១នាក់ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ក្រោយសុំលាឈប់ពីសមាជិកគណបក្សខ្មែរស្រឡាញ់ជាតិ មកពីស្រុកចំនួន៥ គឺស្រុកមាស ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកចំការលើ។

ពិធីបញ្ចូលសមាជិកបក្សថ្មីធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។

បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកគណបក្សតាមលក្ខន្តិកៈដែលបានកំណត់រួចមក លោក អ៊ុន ចាន់ដា បានស្វាគមន៍ប្រកបដោយក្ដីរីករាយ និងភាពស្និទ្ធស្នាលបំផុតចំពោះសមាជិកថ្មីដែលមានស្មារតីភ្ញាក់រលឹក វិលមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា អាស្រ័យដោយបានមើលឃើញពីភាពដឹកនាំត្រឹមត្រូវ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើចំពោះសមាជិគណបក្សថ្មីឱ្យបន្តធ្វើកិច្ចការចលនាបន្តចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ។

លោកណែនាំឱ្យរក្សាភាពស្មោះត្រង់ចំពោះគណបក្ស ដូចការប្ដេជ្ញាចិត្ត កុំក្បត់គណបក្ស គណបក្សទទួលសមាជិកថ្មីដោយស្មារតីសាមគ្គី ដោយមិនមានការរើសអើង។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនាចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ ដូច្នេះលោកក៏បានណែនាំឱ្យសមាជិកថ្មីមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ៕