(កំពង់ចាម)៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ និងរៀបចំទីតាំង ស្ថិតក្នុងភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ដើម្បីរៀបចំពិធីបើក ការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣ខាងមុខនេះ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ មានប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងត្រូវចាប់ផ្ដើមដំណើរការ នៅឆ្នាំ២០២៣៕