(ព្រះវិហារ)៖ លោក តូច​ ចាន់នី​ អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច តំណាងលោក វង​ សូត​​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ​ និងមន្ត្រីជំនាញ​ ចុះសួរសុខទុក្ខ​ និងរៀបចំអាហារសាមគ្គីជូនដល់កុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល​២០២៣​ ខាងមុខ។

ក្នុងឱកាសនោះ លោកអគ្គនាយក ក៏បានសម្តែងនូវការកោតសរសើរ ចំពោះអ្នកគ្រប់គ្រង និងបុគ្គលិកក្នុងមណ្ឌល ដែលបានខិតខំប្រឹងប្រែងមើលថែទាំកុមារកំព្រាយ៉ាងយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ និងចំណេះដឹងទូទៅ ដើម្បីកែប្រែទំពាំងស្នងឬស្សីក្លាយជាធនធានមនុស្សក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគតផងដែរ។

ជាមួយគ្នានេះ លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច​ បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោករដ្ឋមន្ត្រី​ វង សូត ជូនដល់អ្នកគ្រប់គ្រង​ ម៉ែដោះ​ និងក្មួយៗកុមារ​ដែលកំពុងស្នាក់នៅក្នុងមណ្ឌល ព្រមទាំងបាននាំយកនូវអំណោយរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ ចែកជូនដល់មណ្ឌល​ និងកុមារកំព្រា​ រួមមាន​ អង្ករ​ចំនួន១៤បេ​ សៀវភៅ​ ៣៥០ក្បាលប៊ិច​ ខៀវ​ ២០០ដើម​ប៊ិចក្រហម​ ២០០ដើម​ ខ្មៅដៃឈើ ២០០ដើម​ បន្ទាត់​ ៣០០​ គម្របសៀវភៅ​ ៣០០​ កាតាបស្ពាយ​ ៨០​ អាវ​ ៩០​ និងទឹកក្រូច​ ៦កេស៕