(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានផ្ទុកអ្នកដំណើរប្រមាណជា៥០០នាក់។

នាឱកាសនោះដែរ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងលោក ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទទួលស្វាគមន៍ការចូលចតនាវាទេសចរណ៍ Seabourn Encore នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ពិធីទទួលស្វាគមន៍នេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុខ អ្នកការជាច្រើនរូបទៀតផងដែរ។

នេះគឺជាការចូលចតលើកទី១ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេល០២ឆ្នាំកន្លងមកនេះ ដែលជាសញ្ញាវិជ្ជមានបញ្ជាក់ថាវិស័យទេសចរណ៍កម្ពុជាធានាបានភាពធន់ និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ថ្លែងក្នុងពិធីស្វាគមន៍នាវា លោក ហោ សារុន បានលើកឡើងពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជាបានត្រឡប់មករក ភាពធូរស្រាល ល្អប្រសើរឡើងវិញ រហូតដល់មានការបើកប្រទេស និងបើកដំណើរការលើគ្រប់វិស័យឡើងវិញ ជាក់ស្តែងថ្ងៃនេះ យើងបានទទួលស្វាគមន៍ការចូលចតនាវាទេសចរណ៍ដ៏ធំនៅទីនេះ។ អ្វីៗទាំងនេះកើតចេញពីសមត្ថភាពគ្រប់គ្រងវិបត្តិកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដែល ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវបានដឹកនាំដោយ ផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានដាក់ចេញយុទ្ធសាស្ត្រ និងវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយនូវផលប៉ះពាល់ពីជំងឺកូវីដ១៩ ជាអតិបរមា សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ ព្រមទាំងធានាបានសុវត្ថិភាពពីការឆ្លងរីករាលដាលទ្រង់ទ្រាយធំ។ ការចាក់ស្រោចវ៉ាក់សាំងតាមយុទ្ធសាស្ត្រ «ផ្ការីក» បានកសាងភាពស៊ាំក្នុងសហគមន៍បានយ៉ាងរឹងមាំ។

សម្រាប់វិស័យទេសចរណ៍វិញ លោកបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន តែងតែយកចិត្តទុកដាក់គិតគូរប្រកប ដោយយុទ្ធសាស្ត្រដើម្បីធានាបានភាពធន់នៃវិស័យនេះ ដែលក្នុងនោះមានការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ការជំរុញចលនាផ្សព្វផ្សាយ ការបង្កើនចលនាទេសចរណ៍ផ្ទៃក្នុងការសម្របសម្រួលការធ្វើដំណើររហូតដល់មានការរៀបចំនូវផែនទីចង្អុលផ្លូវ ស្តីពី «ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩» ជាដើម។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៩១៤,០៥៥នាក់ កើនឡើង១.០៧១,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលក្នុងនោះតាមផ្លូវទឹកមានចំនួន ១៤,២៧១នាក់ ស្មើនឹង០,៧% ផ្លូវគោកមានចំនួន ១,២២៦,១១៥នាក់ ស្មើនឹង៦៤,១% និងផ្លូវអាកាសមានចំនួន ៦៧៣,៦៦៩នាក់ ស្មើនឹង៣៥,២%នៃចំនួនសរុប។ យើងនឹងរំពឹងថាចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិចំនួន ២.២លាននាក់ ដែលនេះសបញ្ជាក់ឱ្យឃើញពីភាពធន់ និងភាពរួចរាល់នៃវិស័យទេសចរណ៍។

លោក ហោ សារុន ក៏បានបញ្ជាក់ផងដែរថា ការចូលចតនៃនាវាទេសចរណ៍នេះគឺជាសញ្ញាណថ្មីមួយទៀតនៃការរីកចម្រើនវិស័យទេសចរណ៍ ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃគោលដៅទេសចរណ៍នៅកម្ពុជាដែលជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានការជឿទុកចិត្តពីភ្ញៀវ។

តាមការបញ្ជាក់ពីសមត្ថកិច្ចកំពង់ផែបានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតធំមួយនេះមានឈ្មោះថា SEABOURN ENCORE សញ្ជាតិ BAHAMAS លេខសម្គាល់ IMO 9731171 មេបញ្ចាការនាវាឈ្មោះ JORIN STEFAN PORIAU បណ្តោយ ២១០,៥០ម៉ែត្រ ទទឹង ២៨ម៉ែត្រ ស្ថាបនាក្នុងឆ្នាំ២០១៦ ចំនួននាវិក៤៣២នាក់ ចំនួនអ្នកដំណើរ ៣៩៥នាក់។ នាវានេះធ្វើដំណើរមកពីប្រទេសថៃចូលមកកម្ពុជា និងគោលដៅបន្ទាប់ទៅប្រទេសវៀតណាម។

លោក ហោ សារុន បានបញ្ជាក់ថា ក្នុងចំនួនភ្ញៀវទេសចរទាំងនេះ មួយចំនួននឹងបន្តជើងហោះហើរទៅខេត្តសៀមរាប និងមួយចំនួនទៀតធ្វើដំណើរតាមរថយន្តមកទស្សនកិច្ចនៅរាជធានីភ្នំពេញផងដែរ។ រហូតមកដល់ពេលនេះ យើងទទួលបានការកក់នាវាទេសចរណ៍ចំនួន៨គ្រឿង ជាមួយអ្នកដំណើរចំនួនប្រមាណ ៤,៦០០នាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៣ផងដែរ។

គួររំលឹកដែរថា នាវាទេសចរណ៍ខ្នាតធំឈ្មោះ Westerdam បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលពេលនោះមានប្រទេសមួយចំនួនបានបដិសេធមិនទទួលនាវានេះឱ្យចូលចតដោយមានការព្រួយបារម្ភភ័យខ្លាចពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នាវានេះត្រូវបានទទួលការ ស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាទិវានៃក្តីស្រឡាញ់ផងដែរ។ តាមការឱ្យដឹងថានាវាទេសចរណ៍ Westerdam នេះនឹងវិលត្រឡប់មកកម្ពុជាជាថ្មីម្តងទៀតក្នុងខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕